កាសែត Financial Times បានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនាថា ប្រទេសចិនបានដាក់ចេញនូវគោលការណ៍ណែនាំថ្មី ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ផលិតផលបន្ទះឈីប Microprocessors របស់ក្រុមហ៊ុនដែលផលិតនៅអាមេរិកដូចជា Intel និង AMD ដែលបំពាក់ទៅលើកុំព្យូទ័រផ្ទាល់ខ្លួន និងម៉ាស៊ីនផ្ទុកទិន្នន័យរបស់រដ្ឋាភិបាលចិន។
តាមរបាយការណ៍បាននិយាយថា ការណែនាំលទ្ធកម្មថ្មីគឺដើម្បីបញ្ចប់ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows របស់ក្រុមហ៊ុន Microsoft ក៏ដូចជាកម្មវិធីមូលដ្ឋានទិន្នន័យដែលផលិតដោយបរទេស នៅលើឧបករណ៍ដែលប្រើប្រាស់ដោយរដ្ឋាភិបាលចិន។
ជាមួយគ្នា ស្ថាប័នរដ្ឋចាប់ពីលើកម្រិតក្រុងទៅ គឺត្រូវតែពិនិត្យលក្ខណៈវិនិច្ឆ័យ ដោយតម្រូវឲ្យប្រើប្រាស់ប្រព័ន្ធដំណើរការ និងប្រព័ន្ធប្រតិបត្តិការសុវត្ថិភាព ដែលអាចទុកចិត្តបាន នៅពេលដែលទិញផលិតផលទាំងនោះ។
សូមជម្រាបបន្ថែមថា សហរដ្ឋអាមេរិកឯណោះវិញ ក៏បាននិងកំពុងជំរុញទិន្នផលបន្ទះឈីបក្នុងស្រុកផងដែរ ហើយព្រមទាំងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន និងតៃវ៉ាន់ តបតាមច្បាប់ស្តីពី CHIPS និងវិទ្យាសាស្រ្តឆ្នាំ២០២២ របស់រដ្ឋបាលលោក បៃដិន៕