រដ្ឋាភិបាលបារាំង បង្កើនការព្រមានអំពីការវាយប្រហារដោយអំពើភេរវកម្មដល់កម្រិតខ្ពស់បំផុត

អន្តរជាតិ

ក្នុងអំឡុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងការពារជាតិជាន់ខ្ពស់ រួមជាមួយប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ផងនោះ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បាននិយាយថា រដ្ឋាភិបាលរបស់ខ្លួន កំពុងបង្កើនការព្រមានចំពោះការវាយប្រហារភេរវកម្មដល់កម្រិតខ្ពស់បំផុត ពោលគឺចាប់តាំងពិមានការកើតមានករណីបាញ់ប្រហារនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:សារដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម X លោក Attal បានលើកឡើងថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីបានមើលឃើញថា ក្រុមរដ្ឋអ៊ីស្លាម បានចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុងម៉ូស្គូ ហើយវាហាក់ដូចជាបានផ្តល់ការគំរាមកំហែងមកលើប្រទេសយើង ជាពិសេសនៅពេលមុនពេលដែលទីក្រុងប៉ារីស នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិក នាពេលខាងមុខ។

គួរឲ្យដឹងផងដែរថា ប្រព័ន្ធប្រកាសអាសន្នចំពោះការវាយប្រហារភេរវកម្មរបស់ប្រទេសបារាំង គឺមានបីកម្រិត ហើយកម្រិតដែលខ្ពស់បំផុត ត្រូវបានដាក់ឲ្យមានសកម្មភាព នៅក្រោយមានការវាយប្រហារ នៅក្នុងប្រទេសបារាំង ឬនៅបរទេស ឬនៅពេលមានការ​គំរាម​កំហែងណាមួយត្រូវបានចាត់ទុកថាខិតជិតមកដល់។

ជម្រាបជូនទៀតថា ការប្រកាសនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបារាំង មានវិធានការសន្តិសុខពិសេស ដូចជាការល្បាតដោយកងកម្លាំងប្រដាប់អាវុធ នៅតាមទីសាធារណ: ដូចជានៅតាម​ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន និងកន្លែងសាសនា ជាដើម៕