ក្រុមហ៊ុនអគ្គីសនីដ៏ធំប្រចាំកម្ពុជា SNKRP ចាប់ដៃជាមួយសាលាតិចណូ ផ្ដល់ឱកាសការងារដល់វិស្វករជំនាញចំនួន ១០០នាក់

អាជីវកម្ម

ក្រុមហ៊ុន អេស.អិន.ខេ.អ.ភី (SNKRP Co., Ltd) ដែល​ជាក្រុមហ៊ុនសំណង់ តម្លើងផ្ទាំងសូឡា និងវារីអគ្គិសនី​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលា​តិចណូ) ​​កាលពី​ព្រឹក​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណង​​នៃ​អនុស្សរណៈនេះ គឺ​មានការរំពឹងទុកថានឹងធ្វើឱ្យ​ប្រសើរឡើងនូវទំនាក់ទំនង​រវាងភាគីទាំងពីរ ដើម្បីចូលរួម​ចំណែក​ចែក​រំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងគុណភាពជំនាញ​បច្ចេក​ទេសរបស់ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន អេស.អិន.ខេ.អ.ភី ដើម្បីឆ្លើយតបនឹងតម្រូវការ​ទីផ្សារការងារ​ នាពេល​បច្ចុប្បន្ន និងទៅអនាគត។

លោក ថេង សំរិទ្ធ អគ្គនាយកក្រុមហ៊ុន SNKRP បានថ្លែងអំណរគុណដល់សាលាតិចណូ ​ដែលទទួលយកភាព​ជាដៃគូ និងសហការផ្តល់ធនធានមនុស្ស និងចែករំលែកនូវការបណ្តុះបណ្តាលដែលក្រុមហ៊ុនត្រូវការ។ លោក​ពិត​ជា​ មាន​សេចក្តីសោមនស្សរីករាយជាខ្លាំង ដែលអាចបង្កើតទំនាក់ទំនងថ្មីមួយទៀតនឹងអាចចូលរួម​បង្កើតឪកាស​សំរាប់សិស្សនិស្សិត​អគ្គីសនី នឹងស៊ីវិល ក៏ដូចជាសិស្សនិស្សិតជំនាញដទៃទៀត ដើម្បីជំរុញបន្ថែមលើជំនាញ នឹងឱកាសការងារ​​ឱ្យ​កាន់តែ​ច្រើន​តបទៅតាមការអភិវឌ្ឈរបស់រាជរដ្ធាភិបាល។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុនត្រូវការ​កម្លាំងពលកម្មជំនាញ ១០០នាក់ពីសាលាតិចណូ ហើយ​នឹងផ្តល់ទីកន្លែងស្នាក់​នៅ​ដល់​និសិ្សត​ដែល​ចុះ​កម្មសិក្សា និងអាហារបីពេល។ ក្រុមការងារនៃស្ថាប័នទាំងពីរ បាន​ពិភាក្សាគ្នា ដើមី្បពិនិត្យលទ្ធភាព ជួយ​គ្នា​ទៅវិញទៅមក សម្រាប់ប្រយោជន៍រួម។

សារៈសំខាន់ ​នៃអនុស្សរណៈយោគយល់ ដើម្បី​ការពង្រឹងសមត្ថភាព ស្រាវជ្រាវអនុវត្ត នវានុវត្តន៍ កម្មសិក្សា និងការសិក្សា ដល់សិស្សដែលមានសក្តានុពល និងការរៀបចំកម្មវិធីកសាងសមត្ថភាពសម្រាប់សង្គមជាតិ ជាពិសេសទាក់ទងនឹង បច្ចេកវិទ្យា អក្ខរកម្មឌីជីថល និងគរុកោសល្យ ដើម្បីបង្កើនគុណភាពបច្ចេកទេស ព្រោះកិច្ចសហប្រតិបត្តិការ និងការ​ផ្សារ​ភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់ នៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម។ ​​​

ក្នុងពិធី​ខាង​លើ​លោក​សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាន​អញ្ជើញសមភាគីទស្សនា​ពិព័ណ៌​ស្នាដៃ​ និងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនា​ទីពិសោធន៍សំខាន់​មួយចំនួន។

មុនពេលចុះហត្ថលេខា លោក​នាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជន​ក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួន ដែល​និសិ្សត​គួរបំពេញបន្ថែម។ ក្នុងន័យនេះ​សាលា​បានបង្កើតការិយាល័យទំនាក់ទំនង​សហគ្រាស ដែលមានរបបប្រជុំមួយដង​ក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។

លោក​នាយក បានមានប្រសាសន៍ថាជារួមសាលាតិចណូមានបេសកកម្មបីធំៗ៖ ផលិតធនធានមនុស្ស ការស្រាវ​ជ្រាវ និង ជួយសង្គម។

សូមជម្រាប​ថា SNKRP គឺជាក្រុមហ៊ុនសំណង់ តម្លើងផ្ទាំងសូឡា និងវារីអគ្គិសនីដ៏ធំមួយប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន​ SNKRP​ បានកំពុងតែ​បំពេញ​បេសកម្មឥតឈប់ឈរទៅលើវិស័យថាមពលអគ្គីសនី រួមមានការផលិត តាមរយៈការកសាងវារីអគ្គិសនី, ថាមពល​អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, ខ្សែបញ្ចូនអគ្គិសនី (តង់ស្យុងទាប, មធ្យម, ខ្ពស់) រហូតដល់ 500kV, អនុសា្ថនីយ៍(115 kV, 230 kV), ត្រង់ស្វូរចែកចាយ 22 kV ដែលអគ្គិសនីកម្ពុជា ​(EDC) ជាម្ចាស់គម្រោង៕