នាយករដ្ឋមន្ត្រីជប៉ុន សុំណាត់ជួបមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន

អន្តរជាតិ

ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលបំផុតរបស់លោក គីម ជុងអ៊ុន បាននិយាយនៅថ្ងៃទី២៥ ខែមីនាថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានស្នើមកកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជួបប្រជុំម្តងជាមួយបងប្រុសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី គីម យូចុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា៖ លោក គីស៊ីដា បានបង្ហាញពីចេតនា ចង់ជួបជាមួយមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន។ ម្យ៉ាងវិញទៀត លោកស្រីបានបង្ហើបប្រាប់កាលពីខែមុនផងដែរថា ជំនួបអាចនឹងកើតឡើងបាន នៅពេលដែលមេដឹកនាំជប៉ុនរូបនេះ អញ្ជើញទស្សនកិច្ចមកកាន់កូរ៉េខាងជើង។

តែទោះជាយ៉ាងណា លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា៖ ប្រវត្តិសាស្ត្រនៃទំនាក់ទំនងកូរ៉េខាងជើង និងជប៉ុនបានផ្តល់មេរៀនថា វាមិនអាចទៅរួចនោះទេ ដែលអាចធ្វើឲ្យប្រទេសទាំងពីរ មានភាពល្អប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដែលពោរពេញទៅដោយការមិនទុកចិត្ត និងយល់ច្រឡំ។ លើសពីនោះ ជប៉ុននៅតែមិនមានការដោះស្រាយចំពោះបញ្ហា ដែលតែងតែចោទថា កូរ៉េខាងជើងបានចាប់ពង្រត់ជនជាតិជប៉ុន ដូច្នេះហើយក្តីសង្ឃឹមដើម្បីកែលម្អទំនាក់ទំនងរបស់លោក គីស៊ីដា នឹងនៅតែមិនអាចសម្រេចបានឡើយ។

សូមជម្រាបបន្ថែមថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ មានភាពតានតឹងជាយូរណាស់មកហើយ ដោយក្នុងនោះក៏មាននូវជម្លោះនៃការចាប់ពង្រត់ពលរដ្ឋជប៉ុន យកទៅប្រើប្រាស់ជាចារកម្មនៅអំឡុងទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ព្រមទាំងការហាមឃាត់ និងការថ្កោលទោសកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងជាដើម៕