សម្តេច ហ៊ុន សែន ថា​លោក គួច ចំរើន ជា​មនុស្ស​ខ្លាំង​ដែលអាច​គ្រប់គ្រង​ខេត្តព្រះសីហនុ​បាន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​មូលហេតុ​ដែល​តែងតាំង​លោក គួច ចំរើន ជា​អភិបាល​ខេត្តព្រះសីហនុ​ថា គឺ​ដោយសារតែ​លោក គួច ចំរើន មាន​សមត្ថភាព​ខ្ពស់ និង​បទពិសោធន៍ច្រើន ក្នុងការ​គ្រប់គ្រង​ទាំងកាល​ពេល​នៅរាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ចាម។ សម្តេច​ថ្លែង​ដូច្នេះ គឺ​ឆ្លើយតប​ទៅហ្នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ក្នុងអំឡុង​ប្រតិបត្តិការ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​បាក់រលំ​អគារ​នៅខេត្តព្រះសីហនុ នាយប់​ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ​២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


សម្តេច​បាន​លើកឡើង​យ៉ាងដូច្នេះ​ថា៖ «ខ្ញុំមើល comment ថ្ងៃហ្នឹង អ្នក​កំពង់ចាម​អត់ចង់​ឱ្យ គួច ចំរើន ចេញពី​កំពង់ចាម​ទេ។ ប៉ុន្តែដោយ​សារ គួច ចំរើន ខ្លាំងហ្នឹង​ហើយ បាន​ជាយក​មកដាក់​នៅកន្លែងមួយ​ ដែលត្រូវការ​មនុស្ស​ខ្លាំង​ដូច គួច ចំរើន។ គាត់​ជា​បញ្ញវន្ត​ម្នាក់ ដែលគួរ​ឱ្យគោរព ហើយក៏​ចេះការងារ​រដ្ឋបាល​ខេត្ត។ អ៊ីចឹង បើសិន​ជាមនុស្ស​មិនខ្លាំង​ទេ ចាំបាច់​ដក យន្ត មីន​ ទៅធ្វើអី ទុក យន្ត មីន នៅហ្នឹង​ហើយ។ យើងចង់​យក គួច ចំរើន ដោយសារ គួច ចំរើន មានបទ​ពិសោធន៍ ក្នុងការ​ដឹកនាំ​នៅក្នុង​ទីក្រុង​ភ្នំពេញ។ ដូច្នេះ​បទពិសោធន៍​នោះ គួបផ្សំ​នឹងការ​គ្រប់គ្រង​ខេត្ត ដែលមាន​ទាំងតំបន់​ជនបទ និង​ទីក្រុង គួច ចំរើន មាន​លទ្ធភាព​អាច​អភិវឌ្ឍ​ខេត្តព្រះសីហនុ​បានល្អ»។

សូម​រំលឹក​ថា លោក គួច ចំរើន បាន​កាន់តំណែង​ជាច្រើន​ដូចជា៖ អភិបាលរងខណ្ឌចំការមន (១៩៩៩-២០០៤) , អភិបាលខណ្ឌមានជ័យ​(២០០៤-២០១៤), អភិបាលខណ្ឌដូនពេញ (២០១៤-២០១៦), អគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ (២០១៦-២០១៧) និង​អភិបាលខេត្តកំពង់ចាម (ខែមិថុនា ឆ្នាំ២០១៧-ខែមិថុនា ២០១៩)៕

ប្រភាព៖ kleykley
អត្ថបទ៖ សំភី