ក្រុមហ៊ុន ជីប ម៉ុង ចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងក្រុមហ៊ុន ថៃសាមសុងអេឡិចត្រូនិក

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ជីប ម៉ុង បានចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics កាលពីពេលថ្មីៗនេះ ដើម្បីទទួលបានសិទ្ធិចែកចាយទូរស័ព្ទ ថែបប្លែត និងនាឡិកាឆ្លាតវៃម៉ាកសាមសុងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋ ជាសាក្សី និងអ្នកចូលរួមប្រមាណជិត ២០០ នាក់ នាសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា «ក្រុមហ៊ុនតែងតែឈរលើគោលការ ដំណើរការធុរកិច្ចប្រកបទៅដោយភាពស្មោះត្រង់ យុត្តិធម៌ និងមានក្រមសីលធម៌ខ្ពស់ ដោយអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់នានារបស់ប្រទេសកម្ពុជា និងតែងតែយកចិត្តទុកដាក់ និងសកម្មក្នុងការ បង្កើត ការងារ ការផលិត ការសាងសង់ ផ្តល់សេវាកម្មដែលមានគុណភាព និងនាំចូលផលិតផលពេញនិយមដែលមានគុណភាព និងអត្ថប្រយោជន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងកំណើនកម្រិតជីវភាពរស់នៅ ជាពិសេសការរស់នៅ ជំនាន់ថ្មីរបស់ ប្រជាពលរដ្ឋកម្ពុជា។ ដោយផ្អែកលើគោលការណ៍នេះ បូកផ្សំជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាងបួនទសវត្សរ៍ យុទ្ធសាស្ត្រពាណិជ្ជកម្មនិង ផ្សព្វផ្សាយទីផ្សារ ក៏ដូចជាប្រព័ន្ធដៃគូអាជីវកម្មដ៏ទូលំទូលាយដែល ជីប ម៉ុង មាន ខ្ញុំជឿជាក់ថា ភាពជាដៃគូនេះនឹងធ្វើឲ្យម៉ាកយីហោ សាមសុង កាន់តែទទួលបានការគាំទ្រពេញនិយម និងជោគជ័យកាន់តែខ្លាំង នៅក្នុង ទីផ្សារកម្ពុជា»។

អនុប្រធានសាជីវកម្ម និងជា នាយកផ្នែកទូរស័ព្ទនៃក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច លោក Mark Kim បានមានប្រសាសន៍ថា «យើងជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូសហការនេះនឹងបង្កើតមូលដ្ឋាន វគ្រឹះដ៏រឹងមាំសម្រាប់ការ ពង្រឹង វត្តមានទីផ្សាររបស់ ក្រុមហ៊ុនសាមសុង នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយជាងមុខទៅទៀត។ លើសពីនេះ កម្ពុជា គឺជាទីផ្សារស្មាតហ្វូនដ៏មានសក្ដានុពលមួយ ហើយស្របពេលសេដ្ឋកិច្ចកម្ពុជា កំពុងតែរីកចម្រើនទៅមុខ ចំនួន ប្រជាជនក៏ចេះតែកើនឡើងជាលំដាប់ វាជាឱកាសដ៏ល្អសម្រាប់ការពង្រីកទីផ្សាររបស់ក្រុមហ៊ុនសាមសុង នៅកម្ពុជា។ តាងនាមឱ្យក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប សម្រាប់ ទំនុកចិត្តមកលើក្រុមហ៊ុន សាមសុង ពិសេស ភាពជឿជាក់ ចំពោះស្មាតហ្វូនរបស់ សាមសុង ផងដែរ»។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ក្រុមហ៊ុន ជីប ម៉ុង និង ថៃសាមសុងអេឡិចត្រូនិក នឹងរួមគ្នាអភិវឌ្ឍយុទ្ធសាស្ត្រពង្រីកទីផ្សារ ពង្រឹងមុខតំណែងប្រកួតប្រជែង និងជំរុញឲ្យមានកំណើននិរន្តរភាពនៅក្នុងវិស័យអេឡិចត្រូនិកនៅក្នុងស្រុក៕