នៅចំពោះមុខ ឯកឧត្តម យ៉ សូ មីន (Kyaw Soe Min) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំប្រទេសកម្ពុជា និងមន្ត្រីស្ថានទូត ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនៈកិច្ច មកកាន់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗកន្លងទៅនេះ លោកឧកញ៉ា លាង ហួង អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានបង្ហាញពីឆន្ទៈ និងជំនឿចិត្តខ្ពស់ថា នាពេលខាងមុខក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងបង្កើនឱកាសលើទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមរយៈការនាំចេញផលិតផល «Made in Cambodia» គុណភាពកម្រិតពិភពលោករបស់ក្រុមហ៊ុន ទៅកាន់ទីផ្សារប្រទេសមីយ៉ាន់ម៉ា ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូលាយ និងផ្ដល់ឱកាសបង្កើនទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាលំដាប់។
ការអះអាងពីក្ដីរំពឹង និងមហិច្ឆិតា របស់លោកឧកញ៉ា លាង ហួង ជុំវិញការត្រៀមខ្លួនរួចរាល់ ក្នុងការផ្សារភ្ជាប់ពាណិជ្ជកម្មឆ្លងប្រទេសរវាង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនខ្មែរ វិនិយោគលើការផលិតភេសជ្ជៈឈានមុខគេនៅកម្ពុជា អស់រយៈពេលជាង ៤០ឆ្នាំ ហើយបាននឹងកំពុងកសាង ពង្រីកបណ្ដាញទីផ្សារក្នុង និងក្រៅប្រទេសបានយ៉ាងរឹងមាំ។
ក្រោយដំណើរទស្សនៈកិច្ច ស្វែងយល់ពីច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យា គ្រឿងចក្រទំនើបៗលំដាប់ពិភពលោក ក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស រួចរាល់ ឯកឧត្តម យ៉ សូ មីន ក៏បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់ ចំពោះរោងចក្រ ខ្មែរ ប៊ែវើរីជីស ដែល ពិតជា ស័ក្តិសមជាក្រុមហ៊ុនផលិតភេសជ្ជៈ និងស្រាបៀរឈានមុខគេនៅកម្ពុជា។
ឯកឧត្ដម ក៏បានបង្ហាញជំហរត្រៀមជួយសម្របសម្រួលលើការសហការពាក់ព័ន្ធ និងសូមលើកទឹកចិត្ត ឱ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ស្វែងរកការសហការសមស្របណាមួយ ជាមួយក្រុមហ៊ុនវិនិយោគិន នៅប្រទេសមីយ៉ាន់ម៉ា តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីឈានឆ្ពោះទៅជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ កម្ពុជា មីយ៉ាន់ម៉ាឱ្យកាន់តែកើនឡើងទ្វេដងថែមទៀត។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មដ៏លេចធ្លោរមួយ របស់ក្រុមហ៊ុន ជីប ម៉ុង វិនិយោគដោយសហគ្រិនខ្មែរ និងឈរជើងយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ៤០ឆ្នាំ កន្លងមកហើយ។ តាមរយៈការនាំចូលវត្ថុធាតុដើម គ្រឿងចក្រទំនើបៗពីសហគមន៍អឺរ៉ុប រួមទាំងបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ពិភពលោកជាដើម បានជំរុញឱ្យ គ្រប់ផលិតផលភេសជ្ជៈ និងស្រាបៀរ ដែលផលិតចេញពីរោងចក្រ ខ្មែរ ប៊ែវើរីជីស សុទ្ធតែមានគុណភាព ស្តង់ដាកម្រិតពិភពលោក។
ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែយកចិត្តទុកដាក់ លើការកសាងទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ជាមួយមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជា តាមរយៈការអញ្ជើញមកបំពេញទស្សនកិច្ចផ្ទាល់ដល់ក្នុងរោងចក្រ។ ជាលទ្ធផល ក្រុមហ៊ុន វិនិយោគរបស់សហគ្រិនខ្មែរដ៏ល្បីល្បាញមួយនេះ បានឈានទៅចុះអនុស្សរណៈយោគយល់ភាពជាដៃគូពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសជិតខាង និងក្នុងតំបន់អាស៊ានជាបន្តបន្ទាប់។
តួយ៉ាង កាលពីដើមឆ្នាំ២០២៤ ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ចាប់ផ្តើមភាពជាដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនសិង្ហបុរី ក្នុងការនាំចេញផលិតផល CAMBODIA BEER និងភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពស្តង់ដារខ្ពស់ ទៅដាក់លក់បន្ដនៅទីផ្សារសិង្ហបុរី ហើយក៏កំពុងតែសិក្សានាំចេញផលិតផលទៅកាន់ប្រទេសនានាជាច្រើនទៀតផងដែរ៕