អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែមីនា លេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូចុង (Nguyen Phu Trong) បានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
សារព័ត៌មាន VNA បានចុះផ្សាយថា មិនមែនត្រឹមតែអញ្ជើញមេដឹកនាំរុស្ស៊ីមកកាន់ប្រទេសខ្លួនប៉ុណ្ណោះទេ លោក ភូចុង ក៏បានបង្ហាញពីការអបអរសាទរចំពោះលោក ពូទីន ដែលបន្តតំណែងជាប្រធានាធីបតីនៃសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ជាមួយនឹងចំនួនសន្លឹកឆ្នោតច្រើនដាច់គេជាប់ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងការគាំទ្ររបស់ប្រជាជនរុស្ស៊ី សម្រាប់ការដឹកនាំអភិវឌ្ឍន៍ប្រទេសនាយុគសម័យថ្មី។
រីឯលោកប្រធានាធិបតី ពូទីន វិញក៏បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ដោយអះអាងថា វៀតណាមតែងតែជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី។ លើសពីនោះ លោកបានទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយយល់ព្រមឱ្យភាគីទាំងពីរ រៀបចំដំណើរទស្សនកិច្ចនៅពេលវេលាដែលសមស្រប។
គួរជម្រាបថា កាលពីខែតុលា ឆ្នាំមុន លោក ពូទីន ក៏ធ្លាប់ទទួលយកការអញ្ជើញដូចគ្នានេះពីប្រធានាធិបតីវៀតណាមផងដែរ តែជំនួបនៃមេដឹកនាំប្រទេសកុំម្មុយនិស្តទាំងពីរមិនបានសម្រេចនោះឡើយ ដ្បិតអីវាត្រូវបានអូសបន្លាយពេលវេលាជាច្រើនខែ បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក ពូទីន៕