VinFast ចាប់ផ្តើមជ្រៀតចូលទីផ្សារប្រទេសថៃ ដោយត្រៀមដាក់លក់រថយន្តលើកដំបូង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ប្រទេសវៀតណាម បាននិយាយនៅថ្ងៃពុធ ទី២៧ ខែមីនានេះថា ខ្លួនបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុនចែកចាយចំនួន ១៥ នៅក្នុងប្រទេសថៃ ដើម្បីដាក់លក់រថយន្តរបស់ខ្លួន និងជាផ្នែកមួយនៃផែនការក្នុងការពង្រីកអាជីវកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជុំវិញកិច្ច​ព្រម​ព្រៀង​ដែលត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី Bangkok International Motor Show នៅ​សប្តាហ៍​នេះ ក្រុមហ៊ុន VinFast បាននិយាយថា ៖ ” VinFast និងក្រុមហ៊ុនតំណាងចែកចាយ នឹងបន្តធ្វើការយ៉ាងសកម្មជាទីបំផុត ដើម្បីឆ្ពោះទៅរកការបើកទីតាំងដាក់តាំងបង្ហាញរថយន្តរបស់យើង ចំនួន ២២ កន្លែងដែលនឹងត្រូវផ្តោតទៅលើផ្លូវធំៗ នៅក្នុងតំបន់ទីក្រុងបាងកក ដែលជាការផ្តោតសំខាន់នៃយុទ្ធសាស្រ្តពង្រីកអាជីវកម្មរបស់ VinFast នៅក្នុងប្រទេសថៃ”។

គួរឲ្យដឹងផងដែរថា VinFast គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីចុងក្រោយមួយ​ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារ EV របស់ប្រទេសថៃ រួមជាមួយក្រុមហ៊ុនកំពូលៗរបស់ចិន ដូចជា BYD និង Great Wall Motor ដែលកំពុងមានសន្ទុះលក់ដាច់ខ្លាំង ខណ:ពេលដែលក្រុមហ៊ុន Tesla ក៏កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយអាជ្ញាធរថៃ សម្រាប់កន្លែងផលិតដំបូងរបស់ពួកគេ ផងដែរ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ប្រជាជនថៃ បានទិញរថយន្តអគ្គិសនីសរុបប្រមាណ ៧៣ ៥០០ គ្រឿង ឬប្រហែល ៩% នៃការលក់រថយន្តក្នុងស្រុកសរុប ប៉ុន្តែចំនួននៃការទិញរថយន្តអគ្គិសនី ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទ្វេដង នៅចុងឆ្នាំ២០២៤ នេះ ៕