Hyundai ត្រៀមចាក់លុយបន្ថែមជាង ៥០ពាន់លានដុល្លារ វិនិយោគលើអាជីវកម្មថ្មី និងជួលបុគ្គលិក

អន្តរជាតិ

ក្រុមហ៊ុន Hyundai Motor Group របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធ ទី២៧កន្លងទៅថា ខ្លួននឹងបណ្តាក់ទុនបន្ថែមចំនួន ៦៨ទ្រីលានវ៉ុន (៥១ពាន់លានដុល្លារ) ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីពង្រឹងផលិតកម្មនៅក្នុងរថយន្តអគ្គិសនី និងបង្កើតអាជីវកម្មថ្មីៗ ក៏ដូចជាជួលបុគ្គលិកថ្មីបន្ថែមចំនួន ៨០ ០០០ នាក់ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុម Hyundai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកប្រាក់ច្រើនជាងពាក់កណ្តាលនៃការវិនិយោគសរុប ឬចំនួនប្រមាណ ៣៥,៥ទ្រីលានវ៉ុន នឹងត្រូវបានបែងចែកសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាខ្សែសង្វាក់នៃការដំឡើងរថយន្តអគ្គិសនី។

ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួន ៣១,១ទ្រីលានវ៉ុនផ្សេងទៀត នឹងត្រូវយកមកសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងអាជីវកម្មរថយន្តអគ្គិសនី និងបច្ចេកវិទ្យាអាគុយ ខណ:ទឹកប្រាក់ទាំងនេះ ក៏រួមទាំងការជួលបុគ្គលិកបន្ថែមទៀតផងដែរ ដើម្បីលើកកម្ពស់ដល់អាជីវកម្មនាពេលអនាគត។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Hyundai Motor Group កំពុងក្តោបក្តាប់ទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនរួមមាន Hyundai Motor និង Kia ដែលជាក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Hyundai Mobis និង Hyundai Engineering & Construction ផងដែរ៕