អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៧ អាណត្តិទី១ នៅទីស្នាក់ការសមាគមឧកញ៉ាកម្ពុជា នៃសណ្ឋាគារភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមទាំងការពិភាក្សាលើការស្នើបញ្ចូលបន្ថែមសមាសភាពក្រុមប្រឹក្សាភិបាល។
តាមគេហទំព័រសមាគមឧកញ៉ាកម្ពុជា កិច្ចប្រជុំវិសាមញ្ញនេះ មានវត្តមានចូលរួមពីសំណាក់ អ្នកឧកញ៉ា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៩រូប រួមនឹងមេធាវីរបស់សមាគម ចំនួន២រូបផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១)ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល, សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំដែនដីនិងនគរូបនីយកម្ម និងអនុក្រឹត្យស្តីពីស្តង់ដារគុណវុឌ្ឍិសម្រាប់អ្នកអភវិឌ្ឍន៍អចលនទ្រព្យ។
២)ពិភាក្សាលើការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣។
៣)ពិភាក្សាពីការស្នើបញ្ចូលសមាសភាពក្រុមប្រឹក្សាភិបាលបន្ថែម, ការស្នើឱ្យមានក្រុមទីប្រឹក្សាធុរកិច្ច ព្រមទាំងពិភាក្សាពីបញ្ហានានាជុំវិញគោរមងារឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន។
ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ សម្រាប់របៀបវារៈទី១ អង្គប្រជុំបានឯកភាពឱ្យមានកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងពាក់ព័ន្ធ ដោយពិភាក្សាលម្អិតលើចំណុចសំខាន់ៗនៃច្បាប់ និងអនុក្រឹត្យខាងលើជាបន្តទៀត, របៀបវារៈទី២៖ អង្គប្រជុំបានឯកភាពលើការកំណត់កាលបរិច្ឆេទ ទីតាំង សមាសភាពចូលរួម និងរបៀបវារៈនៃសន្និបាត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នាពេលខាងមុខនេះ និងរបៀបវារៈផ្សេងៗ អង្គប្រជុំបានឯកភាពលើការបន្ថែមចំនួនសមាសភាពក្រុមប្រឹក្សាភិបាល និងរៀបចំឱ្យមានក្រុមទីប្រឹក្សាធុរកិច្ច ស្របតាមកំណើននៃទំហំការងារ ភាពរីកចម្រើន និងសកម្មភាពដ៏មមាញឹករបស់សមាគមក្នុងពេលបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខណៈដែលពេលនោះមានសមាសភាពក្រុមប្រឹក្សាភិបាលសរុបចំនួន ២៧រូប និងមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សាភិបាល (ប្រធានសមាគម)៕