សារព័ត៌មាន Reuters បានធ្វើការចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានដាក់គោលដៅលក់រថយន្តទាំងក្នុងស្រុក និងក្រៅប្រទេសឲ្យបានចំនួន ៣,៦លានគ្រឿងនៅក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើងដល់ទៅ២០% ពីចំនួនដែលខ្លួនបានលក់កាលពីឆ្នាំមុន។
កាលពីថ្ងៃទី២៧ ខែមីនា ប្រធានក្រុមហ៊ុន BYD លោក វ៉ាង ឆ័នហ្វូ (Wang Chuanfu) បានជម្រាបប្រាប់ទៅកាន់ក្រុមវិនិយោគិនថា ឆ្នាំនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក មានគោលបំណងលក់រថយន្តឲ្យបានចំនួនប្រាំសែនគ្រឿងនៅក្រៅប្រទេស ខណៈដែលវាច្រើនជាងពីរដងនៃចំនួនសរុបកាលពីឆ្នាំមុន ហើយមួយវិញទៀតក្រុមហ៊ុនក៏មានទិសដៅលក់រថយន្តឲ្យបានចំនួនមួយលានគ្រឿងនៅឆ្នាំ២០២៥ ផងដែរ។
លោក វ៉ាង បានបន្ថែមថា នៅរយៈពេលចន្លោះពីបីទៅប្រាំឆ្នាំខាងមុខ ចំណែកទីផ្សារនៃម៉ាកយីហោរបស់បណ្តាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន នឹងធ្លាក់ចុះពី៤០% ទៅ១០% ។ លើសពីនោះ ប្រាក់ចំណូលនៃការលក់រថយន្ត នឹងមានការថយចុះ ដោយសារតែការប្រកួតប្រជែងតម្លៃ កំពុងមានភាពក្ដៅគគុក តែក្រុមហ៊ុននៅអះអាងថា ប្រាក់ចំណេញនឹងនៅតែមានស្ថិរភាពដដែល។
គួរជម្រាបថា ក្រុមហ៊ុន BYD ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាងមែនទែន បន្ទាប់ពីវ៉ាដាច់ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកកាលពីចុងឆ្នាំមុន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនបានចាប់ផ្តើមពង្រីកទីផ្សារយ៉ាងខ្លាំងក្លាទៅកាន់ទីផ្សារក្រៅប្រទេស ដែលជាហេតុធ្វើឲ្យគូប្រជែងកាន់តែព្រួយបារម្ភទាក់ទិនទៅនឹងចំណែកទីផ្សាររថយន្តអគ្គិសនី៕