លោក ស៊ុន ចាន់ថុល៖ បើចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ យើងមិនអាចទទួលតែអ្នកវិនិយោគលើរោងចក្រកាត់ដេរនោះទេ

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា បើចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងមិនអាចទទួលតែអ្នកវិនិយោគលើរោងចក្រកាត់ដេរនោះទេ តែត្រូវទាក់ទាញឱ្យវិនិយោគលើវិស័យអេឡិចត្រូនិច ឬវិស័យយានយន្តបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់កិច្ចជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនមកពីកូរ៉េ កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជាជារឿងសំខាន់ណាស់ ដោយលោកបានព្យាយាមពន្យល់អំពីការរីកចម្រើនរបស់ប្រទេសជាតិកម្ពុជាមានសុខសុវត្ថិភាព ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តនានា។ដែលធ្វើយ៉ាងណាឱ្យគាត់យល់អំពីស្ថានភាពកម្ពុជា ហើយអញ្ជើញគាត់មកដាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរធ្វើកាន់តែច្រើន។

លោកបញ្ជាក់ថា «អ្នកវិនិយោគដែលគ្រោងមកវិនិយោគគឺពួកគេច្រើនមើលទីតាំងណាដែលដាក់ទុនទៅអាចចំណេញដល់គាត់ ហើយខ្ញុំជឿជាក់ថាការដាក់នៅកម្ពុជា ជាការផ្តល់ផលចំណេញ ដូចជាលើការដឹកពីកម្ពុជាទៅសហរដ្ឋអាមេរិកតម្លៃពន្ធទាប ម្យ៉ាងទៀតបើអ្នកវិនិយោគនោះមានរោងចក្រនៅវៀតណាមឬថៃ គាត់មកធ្វើនៅកម្ពុជាទៀត គឺអាចផ្គុំគ្នាទៅវិញទៅមកវិនិយោគរួមគឺចំណេញកាន់តែច្រើន។ដូច្នេះហើយ យើងខំប្រឹងប្រែងទាក់ទាញឱ្យមកដាក់ទុនមកវិនិយោគនៅកម្ពុជា»។

បើតាមលោក ស៊ុន ចាន់ថុល លោកចង់ឱ្យអ្នកវិនិយោគដែលចូលមកវិនិយោគនៅកម្ពុជាទៅលើវិស័យអេឡិចត្រូនិច, វិស័យយានយន្តជាដើម។ដោយលោកគូសបញ្ជាក់ថា បើយើងចង់បានប្រទេសយើងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ យើងមិនអាចនៅតែទទួលអ្នកវិយោគដាក់ទុនវិនិយោគលើរោងចក្រកាត់ដេរនោះទេ។ក្នុងន័យនេះ មិនមែនរោងចក្រកាត់ដេរមិនសំខាន់នោះទេ អាចផ្តល់ការងារដល់ប្រជាពលរដ្ឋ តែតម្លៃបន្ថែមតិចពេក។ ប៉ុន្តែបើយើងទៅផ្គុំឡាន ធ្វើអេឡិចត្រូនិចគឺកាន់តែល្អ។អីចឹងបានខ្ញុំស្នើអ្នកវិនិយោគទាំងនោះឱ្យពិនិត្យពិចារណាដាក់នៅកម្ពុជា នេះហើយទើបយើងអាចក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០បាន ដោយសារបុគ្គលិក អ្នកធ្វើការបានប្រាក់ខែច្រើន តម្លៃបន្ថែមច្រើននៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅក្នុងខែមករា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មប្រមាណ៣២គម្រោង ក្នុងទុនប្រមាណ១៨៧លានដុល្លារ និងអាចបង្កើរការងារបានជិត២៩ពាន់កន្លែងផងដែរ។គម្រោងទាំងនោះភាគច្រើនជាគម្រោងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក, រោងចក្រផ្គុំដំឡើងម៉ូតូ, រោងចក្រកែច្នៃដេរសម្លៀកបំពាក់ជាដើម។ចំណែកក្នុងខែក្នុងកុម្ភៈវិញ មានគម្រោងប្រមាណ៣៧ទៀតមកដាក់ទុនប្រមាណជិត១,២ពាន់លានដុល្លារវិនិយោគនៅកម្ពុជា រួមមានគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោងផងដែរ៕