លោក Tran Qui Thanh អតីតប្រធានក្រុមហ៊ុនផលិតភេសជ្ជ:ឈានមុខគេរបស់ប្រទេសវៀតណាម Tan Hiep Phat រួមជាមួយនឹងកូនស្រីបង្កើតរបស់លោកពីររូបទៀត នឹងត្រូវកាត់ទោសនៅខែក្រោយ ពីបទចោទប្រកាន់ថា បានលួចក្លែងបន្លំទឹកប្រាក់ចំនួន ១,០៤៨ទ្រីលានដុង ឬស្មើនឹងប្រមាណ ៤១,៩២លានដុល្លារ។
តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានបង្ហាញឲ្យដឹងថា តុលាការទីក្រុងហូជីមិញ នឹងបើកសវនាការលើសំណុំរឿងរបស់លោក Thanh វ័យ ៧១ឆ្នាំ រួមទាំងកូនស្រីពីររូបទៀត គឺលោកស្រី Tran Uyen Phuong វ័យ ៤៣ឆ្នាំដែលជាអគ្គនាយករងក្រុមហ៊ុន Tran Hiep Phat និងលោកស្រី Tran Ngoc Bich វ័យ ៤០ឆ្នាំ ដែលធ្លាប់ជាអតីតនាយកក្រុមហ៊ុននេះផងដែរ។
ជុំវិញសំណុំរឿងនេះ រដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ លោក Thanh និងកូនស្រីពីរនាក់របស់លោកថា បានផ្តល់ប្រាក់កម្ចីទៅកាន់បុគ្គលមួយចំនួន នៅក្នុងអត្រាការប្រាក់ប្រចាំខែ ៣% ដោយជំនួសឲ្យការធានាប្រាក់កម្ចីទាំងនោះ ជាមួយនឹងកិច្ចសន្យាដែលភ្ជាប់មកជាមួយនឹងវត្ថុបញ្ចាំ ហើយលោក Thanh បានបង្ខិតបង្ខំឲ្យអ្នកខ្ចីទាំងនោះ ចុះហត្ថលេខាលើកិច្ចសន្យាលក់ទ្រព្យសកម្មរបស់ពួកគេមកកាន់លោកផ្ទាល់ ដោយដាក់តម្លៃអចលនទ្រព្យទាំងនោះ ទាបជាងតម្លៃទីផ្សារ ។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅពេលអ្នកខ្ចីសងប្រាក់ដើម និងការប្រាក់គ្រប់ហើយនោះ លោក Thanh ត្រូវបានគេរាយការណ៍ថា បានបដិសេធក្នុងការប្រគល់ទ្រព្យសម្បត្តិទៅឲ្យពួកគេវិញ ដោយអះអាងថាអ្នកខ្ចីបានបាត់បង់សិទ្ធិក្នុងការយកត្រលប់ទៅវិញ ដោយសារតែបំពានកិច្ចសន្យានោះ ។
ទន្ទឹមនឹងនេះ លោក Thanh ថែមទាំងបានដាក់សម្ពាធបន្ថែមទៀត ដល់អ្នកខ្ចីដោយតម្រូវឲ្យធ្វើការទូទាត់ទឹកប្រាក់នៅក្នុងចំនួនខ្ពស់ជាងប្រាក់ដើមដែលបានព្រមព្រៀងពីដំបូងថែមទៀតផង។
ជាងនេះទៅទៀត លោក Thanh និងកូនស្រីរបស់លោកពីររូបទៀត ក៏ត្រូវបានចោទប្រកាន់ថាបានយកលុយក្នុងចំនួន ១,០៤៨ទ្រីលានដុង គិតចាប់ពីខែមករា ឆ្នាំ២០១៩ ដល់ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយ:គម្រោងឆបោកនេះផងដែរ៕