រយៈពេលជិតបីខែដំបូង វៀតណាមកើបទុនវិនិយោគពីបរទេសជាង ៦ពាន់លានដុល្លារ

អន្តរជាតិ

សារព័ត៌មាន VNA បានចុះផ្សាយថា ដោយគិតត្រឹមដើមឆ្នាំ រហូតមកដល់ថ្ងៃទី២០ ខែមីនាឆ្នាំនេះ វៀតណាមបានទាក់ទាញការវិនិយោគពីបរទេស (FDI) បានសរុបចំនួន ៦,១៧ពាន់លានដុល្លារកើនឡើង១៣,៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគបានលើកឡើងថា សិង្ហបុរីគឺជាប្រទេសដែលមានការវិនិយោគច្រើនជាងគេបំផុតនៅក្នុងប្រទេសវៀតណាម ពោលមានទំហំទុនរហូតដល់ទៅចំនួន ២,៥៥ពាន់លានដុល្លារឬស្មើនឹង៤១,៣% ខណៈត្រឹមតែទីក្រុងហុងកុងរបស់ចិនមួយប៉ុណ្ណោះ បានឈរនៅលំដាប់លេខរៀងទីពីរ ដែលមានទុនវិនិយោគប្រមាណ ១,០៥ពាន់លានដុល្លារឬស្មើនឹង១៧,១% ។

ទន្ទឹមនឹងនោះ ចិនបានក្លាយជាប្រទេសដែលមានការវិនិយោគទៅលើគម្រោងបង្កើតថ្មីច្រើនជាងគេ ពោលមានចំនួនរហូតដល់ទៅ២៧,៨% ស្របពេលដែលកូរ៉េខាងត្បូងក៏នាំមុខគេផងដែរ ក្នុងនាមជាប្រទេសដែលវិនិយោគទៅលើគម្រោងបន្ថែមដើមទុនចំនួន២៣% ចំណែកឯការទិញភាគហ៊ុនរបស់ប្រទេសមួយនេះក៏មានចំនួនដល់ទៅ២៧,៨% ផងដែរ។

សូមជម្រាបបន្ថែមថា ទឹកប្រាក់សរុបចំនួន ៩៣៤,៦លានដុល្លាររបស់បណ្តាប្រទេសដ៏ទៃផ្សេងទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងដែលមានស្រាប់ចំនួន ២៤៨កន្លែង ចំណែកឯទឹកប្រាក់ចំនួន ៤៦៦,២លានដុល្លារឯទៀតក៏ត្រូវបានយកទៅបម្រុងទុកសម្រាប់ទិញភាគហ៊ុន និងបង្កើនដើមទុននៅក្នុងប្រទេសវៀតណាម៕