ក្រុមហ៊ុនមេ CCCC សន្យាមុខសម្តេចតេជោ ហ៊ុន សែន ថានឹងខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោចេញជារូបរាង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន CCCC ចូលជួបពិភាក្សាការងារនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ក្នុងជំនួបនោះ ប្រតិភូក្រុមហ៊ុនបានរាយការណ៍ពីការងារគម្រោងសាងសងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនជូនសម្ដេចតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន China Communication Contruction Corporation (CCCC) គឺជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China Road and Bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ កំពុងការកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត ហើយនិងសិក្សាគម្រោងព្រៃជីកហ្វូណតេជោ។

ក្នុងជំនោះដដែលនោះ សម្តេចតេជោបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏សំខាន់សំរាប់កម្ពុជា។ ទន្ទឹមនឹងនេះ ប្រតិភក្រុមហ៊ុនបានជំរាបសម្ដេចតេជោថា ក្រុមហ៊ុនបានយល់ពីសារសំខាន់គម្រោងប្រវត្តិសាស្រ្តនេះរបស់កម្ពុជា។ ក្រុមហ៊ុន CCCC បន្តថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោបានចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ បានឲ្យដឹងថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

សូមជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្លាប់បានគូសបញ្ជាក់ថា ការធ្វើព្រែកជីកហ្វូណន-តេជោ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីកដើម្បីភ្ជាប់ទន្លេជាមួយសមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ៕