មនុស្សជំនិតលោកថាក់ស៊ីន ត្រូវដោះលែងឲ្យនៅក្រៅឃុំ ជាថ្នូរនឹងប្រាក់ជាងមួយម៉ឺនដុល្លារ

អន្តរជាតិ

បន្ទាប់ពីនិរទេសទៅរស់នៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំអតីតអ្នកនាំពាក្យលោកថាក់ស៊ីន និងក៏ធ្លាប់ជាអតីតមេដឹកនាំក្រុមអាវក្រហមលោក ចក្រភព ផែនខែ (Jakrapob Penkair) បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសថៃវិញហើយកាលពីថ្ងៃទី២៨ ខែមីនា ខណៈដែលលោកត្រូវបានព្រះរាជអជ្ញាចេញសេចក្តីសម្រេចឲ្យរស់នៅក្រៅឃុំ ដោយតម្រូវឲ្យបង់ប្រាក់ធានា ៤០០ ០០០បាត (១១ ០០០ដុល្លារ)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thai PBS ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយពេលមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិមិនទាន់បានប៉ុន្មាន លោក ផែនខែ ត្រូវបានគេបញ្ជូនខ្លួនទៅកាន់ទីស្នាក់ការកណ្ដាលនៃនាយកដ្ឋាន​ប្រឆាំង​បទល្មើស (CSD) ដែលជាកន្លែងធ្លាប់ចេញដីកាចាប់ខ្លួនលោក​ ពី​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ និង​ការ​កាន់​កាប់​អាវុធ ក៏ប៉ុន្តែការចោទប្រកាន់ទាំងនេះ លោកបានបដិសេដមិនទទួលស្គាល់នោះទេ។

លោក ផែនខែ បានប្រាប់ទៅកាន់បណ្តាញអ្នកសារព័ត៌មានថា មុននឹងសម្រេចចិត្តត្រឡប់ចូលទឹកដីថៃវិញ លោកបានពិភាក្សាអំពីបញ្ហាទាំងឡាយជាមួយបុគ្គលមួយចំនួន ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលលោកបានអញ្ជើញមកដល់ទីស្នាក់ការ CSD គេហាក់ឃើញមានអ្នកគាំទ្រស្លៀកពាក់ក្រហម ក្នុងដៃមានកាន់ផ្កាកុលាបក្រហម យកមកជូនលោកដើម្បីលើកទឹកចិត្ត ឲ្យបន្តឆាកនយោបាយទៅមុខទៀតកុំចុះចាញ់។

សូមជម្រាបបន្ថែមថា លោក ផែនខែ គឺជាអ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងមួយរូបរបស់ប្រទេសថៃ ហើយក្រៅតែពីធ្លាប់មានតួនាទីជាមេដឹកនាំក្រុមអាវក្រហម លោកក៏ធ្លាប់កាន់តួនាទីជាអ្នកនាំពាក្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក៏ធ្លាប់ជារដ្ឋមន្ត្រីការិយាល័យនាយករដ្ឋមន្ត្រីរបស់រដ្ឋបាលលោក សាម៉ាក់ ស៊ុនដារ៉ាវេច ផងដែរ៕