អតីតមហាសេដ្ឋីវ័យក្មេងមួយរូប ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ

អន្តរជាតិ

កាលពីថ្ងៃទី២៨ ខែមីនា តុលាការបានសម្រេចដាក់ទោសលោក Sam Bankman-Fried ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកពិតជាបានប្រព្រឹត្តអំពើឆបោកទឹកប្រាក់ដ៏​ធំបំផុតមួយ នៅក្នុងុសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ចៅក្រម Lewis Kaplan បានសម្រេចដាក់ទោសស្ថាបនិកក្រុមហ៊ុន FTX ក្រោយអតីតមហាសេដ្ឋីរូបនេះ បាននិយាយកុហកតុលាការថា អតិថិជនរបស់ FTX មិនបានខាតបង់ទឹកប្រាក់ឡើយ តែការពិត​រូបគេបានលួចប្រាក់ប្រហែល ៨ពាន់លានដុល្លារឯណោះពីអតិថិជន។

ក្រៅពីនោះ តុលាការក៏បានចោទប្រកាន់បុរសវ័យ ៣២ឆ្នាំរូបនេះថា មានជាប់ពាក់ព័ន្ធនឹងករណីឆបោក ៧ករណីបន្ថែមទៀត និងបានធ្វើឲ្យក្រុមហ៊ុន FTX ក្ស័យធន បណ្ដាលឲ្យវិនិយោគិន និងអតិថិជនរាប់រយនាក់ ទទួលរងការខាតបង់ជាខ្លាំង។

សូមជម្រាបដែរថា ករណីឆបោកនេះ ត្រូវបានចាត់ទុកថា ជាការឆបោកទឹកប្រាក់ធំបំផុតមួយនៅអាមេរិក ហើយកន្លងមកព្រះរាជអាជ្ញាបានទាមទារឲ្យ​កាត់ទោសលោក Sam រហូតដល់ ៥០ឆ្នាំ ស្របពេលមេធាវីការពារក្ដីតវ៉ាឲ្យមានការជាប់ទោសត្រឹម ៦ឆ្នាំកន្លះ តែជាលទ្ធផលតុលាការសម្រេចដាក់ទោស ២៥ឆ្នាំ៕