មេទ័ពជើងទឹកប្រចាំកោះតៃវ៉ាន់ លោក Tang Hua នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាសប្ដាហ៍ក្រោយ ដើម្បីចូលរួមកម្មវិធីកងយោធាមួយ និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកយោធាជើងទឹក ជាមួយអាមេរិក ចំពេលចិនកំពុងផ្ដល់ការគម្រាមខ្លាំងទៅលើដែនកោះមួយនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Tang នឹងធ្វើដំណើរទៅកាន់កោះហាវៃ ហើយបន្ទាប់មកក៏នឹងចូលរួមសន្និសីទ Sea-Air-Space នៅជិតទីក្រុងវ៉ាស៊ីងតោន ខណៈបច្ចុប្បន្នកំពុងមានការរៀបចំឲ្យមានកិច្ចប្រជុំ ជាមួយប្រធានប្រតិបត្តិការផ្នែកកងទ័ពជើងទឹកនៅអាមេរិកផងដែរ។
សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់លោក Tang គឺជាការជួយជ្រោមជ្រែងមួយរបស់អាមេរិក សម្រាប់កោះតៃវ៉ាន់ ដែលត្រូវបានគេឲ្យឈ្មោះថា កិច្ចការពារប្រជុំកោះរួមគ្នា ដោយមានការចូលរួមពីអាមេរិក តៃវ៉ាន់ និងជប៉ុនជាដើម ដើម្បីប្រយុទ្ធប្រឆាំងជាមួយកងយោធាចិន នៅលើផ្ទៃទឹកក្បែរកោះតៃវ៉ាន់។
រំលឹកបន្ថែមថា ដំណើរទស្សនកិច្ចរបស់មន្ត្រីតៃវ៉ាន់ ជាពិសេសយោធា ទៅកាន់សហរដ្ឋអាមេរិក តែងតែត្រូវបានរក្សាទុកជារឿងសំងាត់ ហើយជារឿយៗមិនត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ៕