សមាគមធនាគារនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយក្នុងនោះ លោក រ័ត្ន សោភ័ណ បានជាប់ជាប្រធានសមាគម ខណៈដែលលោក Raymond Sia Say Guan នាយកប្រតិបត្តិធនាគារកាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ បន្តជាប់ក្នុងសមាសភាពក្រុមប្រឹក្សា និងជាប់ជាអនុប្រធានសមាគម។
តាមសេចក្តីប្រកាសព័ត៌មាន សមាសភាពក្រុមប្រឹក្សា ទាំង១២រូប ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០ ឆ្នាំ២០២៤-២០២៥ រួមមាន៖
១៖ លោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ មេយប៊ែង ខេមបូឌា ភីអិលស៊ី)
២៖ លោក Raymond Sia Say Guan ជាអនុប្រធានសមាគមធនាគារនៅកម្ពុជា (ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា ក.អ)
៣៖ លោក ហាន ប៉េងក្វាង ជាហេរញ្ញិកសមាគមធនាគារនៅកម្ពុជា (អគ្គនាយកនៃធនាគារ វីង ខេមបូឌា ម.ក)
៤៖ លោកស្រី ម៉ារ អមរា ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិចាត់តាំង នៃធនាគារ អេស៊ីលីដា ភិអិលស៊ី)
៥៖ លោក Mr. Zhiger Atchabarov ជាសមាជិកក្រុមប្រឹក្សា (នាយកប្រតិបត្តិការ នៃ ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់)
៦៖ លោក ឌិត សុចល ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា)
៧៖ លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ)
៨៖ លោក Ong Ming Teck ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិ នៃធនាគារ កម្ពុជាសាធារណៈ ភិអិលស៊ី)
៩៖ លោក ប៉ែន មករា ជាសមាជិកក្រុមប្រឹក្សា (អគ្គនាយក នៃធនាគារឯកទេស អង្គរកាពីតាល)
១០៖ លោកស្រី ឌិត នីតា ជាសមាជិកក្រុមប្រឹក្សា (ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា)
១១៖ លោក ប៉ិល រ៉េមីស៊ីសុផុន ជាសមាជិកក្រុមប្រឹក្សា (ប្រធានសមាគមសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា)
១២៖ លោក គា បូរាណ ជាសមាជិកក្រុមប្រឹក្សា (ប្រធាននាយកប្រតិបត្តិនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ អេ អឹម ខេ)
លោក Raymond Sia ដែលជាអតីតប្រធានសមាគមធនាគារនៅកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២២-២០២៣ បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សា និងក្រុមការងារលេខាធិការដ្ឋានទាំងអស់ និងបានកោតសរសើរពីការចូលរួមចំណែក និងការលះបង់ក្នុងការគាំទ្រដល់សមាជិក និងវិស័យធនាគារនៅកម្ពុជា។
ចំណែកឯលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី បានថ្លែងអំណរគុណដល់អតីតប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាទាំងអស់ ចំពោះការដឹកនាំប្រកបដោយភាពស្វាហាប់ និងរឹងមាំក្នុងរយៈពេល០២ឆ្នាំមកនេះ និងបានអបអរសាទរជូនក្រុមប្រឹក្សាថ្មីរបស់សមាគមធនាគារនៅកម្ពុជាផងដែរ។
សមាគមធនាគារនៅកម្ពុជា គឺជាសមាគមវិជ្ជាជីវៈក្នុងស្រុក និងធ្វើប្រតិបត្តិការមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា និងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។ សមាគមធនាគារអនុវត្តសកម្មភាពរបស់ខ្លួនដោយមានការសហការយ៉ាងមានភាពជិតស្និទជាមួយអាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្តរជាតិ ហើយបម្រើសេវាកម្មជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកកម្មរបស់សមាគម៕