នាដើមខែមេសានេះ ធនាគារពិភពលោកបានធ្វើការព្យាករណ៍ជាថ្មី ពីកំណើនសេដ្ឋកិច្ចនៃប្រទេសថៃ ដែលអាចកើនត្រឹម ២,៨% នៅឆ្នាំនេះ និងឈានដល់ ៣% ក្នុងឆ្នាំ២០២៥ ស្របពេលកន្លងមកធនាគារពិភពលោកធ្លាប់អះអាងថា សេដ្ឋកិច្ចថៃអាចរីកលូតលាស់ដល់ ៣,២% និង ៣,១% នៅឆ្នាំនេះ និងឆ្នាំមុខ។
ចំណែកឯមូលហេតុដែលធ្វើឲ្យធនាគារពិភពលោក ទម្លាក់ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចថៃ គឺដោយសារមើលឃើញពីភាពយឺតយ៉ាវ នៃការបញ្ចេញកញ្ចប់ទឹកប្រាក់សម្រាប់ការចំណាយ ក៏ដូចជាការនាំចេញហាក់មិនទាន់មានសន្ទុះល្អ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាមួយគ្នាដែរ ធនាគារពិភពលោកក៏អះអាងថា សូចនាករសំខាន់បំផុត ក្នុងការជំរុញសេដ្ឋកិច្ចថៃគឺ វិស័យឯកជន និងវិស័យទេសចរណ៍ ដែលរដ្ឋាភិបាលគ្រោងអូសទាញភ្ញៀវអន្តរជាតិ ប្រមាណ ៤០លាននាក់នាឆ្នាំនេះ។
សូមជម្រាបដែរថា ថៃគឺជាប្រទេសមានទំហំសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ដោយកាលពីឆ្នាំទៅពួកគេមានកំណើនសេដ្ឋកិច្ច ១,៩% ស្របពេលឆ្នាំនេះ ធនាគារកណ្ដាលថៃព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាចសម្រេចបានចន្លោះពី ២,៥% ទៅ ៣% នាឆ្នាំនេះ៕