អតីតប្រធានាធិបតីតៃវ៉ាន់ លោក Ma Ying-jeou បានចាកចេញពីកោះតៃវ៉ាន់ នាថ្ងៃទី០១ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចទៅចិនរយៈពេល ១១ថ្ងៃ ស្របពេលលេចលឺដំណឹងថា លោកនឹងណាត់ជួបបុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នាសប្ដាហ៍ក្រោយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បើទោះជារដ្ឋាភិបាលចិន មិនបានបញ្ជាក់ពីលទ្ធភាពនៃការកើតមានជំនួបលើកទី២ រវាងលោក Ma និងមេដឹកនាំចិនក្ដី ក៏ប៉ុន្តែប្រភពជិតស្និទ្ធនឹងអតីតមេដឹកនាំកោះតៃវ៉ាន់ បានប្រាប់សារព័ត៌មាន Reuters ថា ជំនួបរវាងបុរសទាំង២ នេះ នឹងធ្វើឡើងនាថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ក្នុងទីក្រុងប៉េកាំង។
គួររំលឹកបន្តិចថា លោក Ma បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង លើកដំបូង កាលពីចុងឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ហើយលោកក៏ជាអតីតមេដឹកនាំកោះតៃវ៉ាន់ដំបូងគេ ដែលបំពេញទស្សនកិច្ចនៅចិន ពោលតាំងពីឆ្នាំ១៩៤៩ រហូតមកទល់ពេលនេះ មិនធ្លាប់មានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់ ដែលបានឈានជើងជាន់ទឹកដីចិនឡើយ។
សូមជម្រាបបន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងឆ្នាំនេះ លោក Ma នឹងធ្វើដំណើរទស្សនកិច្ចនៅរោងចក្ររថយន្ត BYD ក្នុងខេត្ត Guangdong និងក្រុមហ៊ុន Tencent ដែលជាអ្នកផលិតវីដេអូហ្គេមធំបំផុតលើលោកផងដែរ៕