ធនាគារកណ្តាលរុស្ស៊ី បញ្ចេញកម្ចីជាប្រាក់យ៉ន់ចិនកាន់តែច្រើន ក្រោមប្រតិបត្តិការប្តូររូបិយប័ណ្ណ

អន្តរជាតិ

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនបានផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណរបស់ប្រទេសចិន ទៅឲ្យធនាគារនានាក្នុងស្រុក នៅក្នុងចំនួនប្រមាណ ២,៥ពាន់លានយ៉ន់ (៣៤៦,២លានដុល្លារ) ដោយស្ថិតនៅក្រោមប្រតិបត្តិការប្តូររូបិយប័ណ្ណ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី បានបង្ហើបប្រាប់កាលពីសប្តាហ៍មុនថា ខ្លួនបានធ្វើការកែតម្រូវអត្រាប្រតិបត្តិការប្តូររូបិយប័ណ្ណ សម្រាប់ការដាក់លក់ប្រាក់យ៉ន់ចិន ចាប់ពីថ្ងៃទី២៥ ខែមីនាតទៅ។

ទន្ទឹមនឹងនេះ ធនាគារកណ្តាលរុស្ស៊ី ក៏កំពុងធ្វើការបង្កើនបរិមាណប្រតិបត្តិការប្តូររូបិយប័ណ្ណប្រចាំថ្ងៃ ពីចំនួន ១០ពាន់លានយ៉ន់ ដល់ ២០ពាន់លានយ៉ន់ ដើម្បីទប់ស្កាត់កុំឲ្យមានការប្រែងប្រួលអត្រាប្តូរប្រាក់ខ្លាំងពេក ផងដែរ។

គួរឲ្យដឹងផងដែរថា ធនាគារកណ្តាលរុស្ស៊ី បានចាប់ផ្តើមធ្វើប្រតិបត្តិការប្តូរប្រាក់យ៉ន់ និងប្រាក់រូបល ក្នុងអំឡុងខែមករា ឆ្នាំ២០២៣ មកម្លេះ ដោយយោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការប្តូររូបិយប័ណ្ណកាលពីឆ្នាំមុន មានចំនួនដល់ទៅ ៥៩,៧ពាន់លានយ៉ន់ ។

ជម្រាបជូនផងដែរថា​ យោងតាមប្រភពខាងលើ តម្រូវការអតិបរមារបស់ធនាគារនានានៅក្នុងស្រុក សម្រាប់ការផ្លាស់ប្តូរប្រាក់យ៉ន់ បានកើនឡើងដល់ចំនួនកំណត់ត្រា គិតនៅត្រឹមថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅពេលដែលការដោះដូររូបិយប័ណ្ណបានឈានដល់ចំនួន ១០ពាន់លានយ៉ន់ ដែលជាចំនួនកំណត់ត្រូវបានយកមកប្រើប្រាស់៕