ឥណ្ឌូណេស៊ី បានក្លាយជាអ្នកនាំចេញប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ខណ:ពេលដែលការនំាចេញរបស់ខ្លួន បានរួមចំណែករហូតដល់ទៅ ៥៤% នៃការនាំចេញប្រេងដូងសរុបរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បាននិយាយថា ក្នុងឆ្នាំ២០២៣ ផលិតកម្មប្រេងដូងសរុបរបស់ឥណ្ឌូណេស៊ី ឈានដល់ចំនួន ៥៦ លានតោន ដោយក្នុងនោះ ២៦,៣៣ លានតោនត្រូវបាននាំចេញទៅក្រៅប្រទេស។
លោក Airlangga បានបញ្ជាក់បន្ថែមទៀតថា ប្រេងដូងគឺជាទំនិញយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឥណ្ឌូណេស៊ី ដោយក្នុងឆ្នាំ២០២៣ ទាំងមូល តម្លៃនៃការនាំចេញញប្រេងដូងរបស់ខ្លួន បានឈានដល់ចំនួន ២៨,៤៥ពាន់លានរីងហ្គីត ឬស្មើនឹង ១,៧លានដុល្លារ។
លើសពីនេះទៅទៀត ឧស្សាហកម្មប្រេងដូង បានរួមចំណែកទៅដល់វិស័យការងាររបស់ប្រទេសផងដែរ ដោយផ្តល់ការងារដោយផ្ទាល់ និងដោយប្រយោលទៅកាន់ប្រជាជនចំនួនរហូតដល់ ១៦,២ លាននាក់។
ជម្រាបជូនផងដែរថា ក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បាននិងកំពុងផ្តោតបន្ថែមទៀត ទៅលើការបង្កើតឧស្សាហកម្មប្រេងដូងប្រកបដោយនិរន្តរភាព ជាមួយនឹងការអនុវត្តកិច្ចខិតខំប្រឹងប្រែងជាច្រើន តាមរយ:គោលនយោបាយផ្សេងៗ៕