កូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន គឺលោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់កញ្ញា អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ ដែលធ្វើឱ្យលោកជាប់ចិត្តលង់ស្រលាញ់ និងបានឈានដល់ដំណាក់កាលរៀបមង្គលការជាមួយគ្នា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
លោក សុខ សង្វារ បានបង្ហោះវីដេអូមុនអាពាហ៍ពិពាហ៍ ( Pre wedding) លើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី០១ ខែមេសា ម្សិលមិញនេះ បង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យនៃតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រតាមបណ្តាខេត្តមួយចំនួន ក្នុងលក្ខណៈសហសម័យ រាប់ចាប់តាំងពីសម័យអង្គរ សម័យក្រោយអង្គរ រហូតដល់សម័យទំនើប។ ក្នុងវីដេអូឃ្លីបជាង៩នាទី លោក សុខ សង្វារ បានបង្ហើបឱ្យដឹងថា លោកបាក់ចិត្តស្រលាញ់កញ្ញាលីលី ជាយូរមកហើយ ជាពិសេសពេលឃើញកញ្ញាលីលីដំបូង លោកសង្កេតឃើញថា កញ្ញាមានអត្តចរិកសុភាពរាបសារ កាយវិការទន់ភ្លន់ ស័ក្តិសមជានារីខ្មែរ។ លោកបន្តថា កញ្ញាលីលី ជានារីម្នាក់ប្រកបដោយចរិយាសម្បត្តិល្អគ្រប់ប្រការ ចេះប្រតិបត្តិជំនឿសាសនា រក្សាបាននូវទំនៀមទំលាប់ប្រពៃណី ដែលស័ក្តិសមជានារីខ្មែរមានពូជអម្បូរ មានចំណេះដឹងខ្ពង់ខ្ពស់ ប្រៀបបាននឹងនារីគ្រប់លក្ខ័ណ៍។ បន្ថែមលើនេះ លោកយល់ថា កញ្ញាលីលី ជានារីឧស្សាហ៍ម្នាក់ ប៉ិនប្រសប់លើការងារផ្ទះសម្បែង ថែមទាំងមានចំណេះជំនាញច្បាស់លាស់ អាចរកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារផងដែរ។
សូមជម្រាបថា លោក សុខ សង្វារ និងកញ្ញាលីលី បានរៀបចំពិធីមង្គលការដ៏ធំរយៈពេល ២ថ្ងៃពេញ នៅថ្ងៃទី២៧-២៨ ខែមីនា ដោយពិធីប្រពៃណីផ្សេងៗប្រារព្វធ្វើឡើងនៅគេហដ្ឋានសម្ដេច សុខ អាន លើផ្លូវសម្ដេចប៉ាន និងសម្រាប់ការទទួលទានភោជនីយាហារ ពេលល្ងាចថ្ងៃ២៨ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC៕
សូមទស្សនាវីដេអូ (ចុចទីនេះ)