ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ប្រទេសចិន BYD បានរាយការណ៍ថា ការលក់នៅត្រីមាសទី១ ឆ្នាំ២០២៤ នេះ បានធ្លាក់ចុះដល់ទៅ ៤៣% បើធៀបទៅនឹងត្រីមាសទី៤ កាលពីឆ្នាំ២០២៣ ដែលនេះមានន័យថាពួកគេអាចនឹងប្រគល់តំណែងជាក្រុមហ៊ុនលក់រថយន្ត EV ធំបំផុតរបស់ពិភពលោក ទៅឲ្យ Tesla វិញ បន្ទាប់ពីបានកាន់តំណែងនេះ កាលពីឆ្នាំមុន។
តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន BYD បានលក់រថយន្ត EV របស់ខ្លួនចំនួន ៣០០ ១១៤ គ្រឿង នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ ពោលគឺបានធ្លាក់ចុះ ៤៣% ពីកម្រិតលក់ខ្ពស់បំផុតកាលពីបីខែមុន ក្នុងចំនួន ៥២៦ ៤០៩ គ្រឿង នៅពេលដែលពួកគេបានវ៉ាដាច់ទៅលើក្រុមហ៊ុនខ្នាតយក្សអាមេរិក Tesla ។
ជុំវិញការធ្លាក់ចុះប្រចាំត្រីមាសនេះ មានន័យថាក្រុមហ៊ុន Tesla នឹងដណ្តើមយកតំណែងក្នុងនាមជាអ្នកលក់រថយន្ត EV ធំបំផុតរបស់ពិភពលោករបស់ខ្លួនមកវិញ ដោយផ្នែកទៅលើទិន្នន័យពីក្រុមហ៊ុនវិភាគ Visible Alpha ដែលបានព្យាករថា ការលក់របស់ Tesla មានចំនួន ៤៥៨ ៥០០ គ្រឿង ក្នុងត្រីមាសទី១ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។
ជម្រាបជូនផងដែរថា ការយកមកវិញនូវតំណែងកំពូលនេះ ដោយសារតែក្រុមហ៊ុន Tesla នៅតែបង្ហាញពីភាពខ្លាំងរបស់ខ្លួន ក្នុងលក់រថយន្តជាសកលដែលមិនងាយប្រឈមមុខនឹងការធ្លាក់ចុះនោះឡើយ ផ្ទុយពីក្រុមហ៊ុន BYD ដែលរំពឹងថានឹងមានការធ្លាក់ចុះនៃកំណើនការលក់រថយន្ត EV របស់ខ្លួន ជាពិសេសក្នុងទីផ្សារប្រទេសចិន នៅឆ្នាំនេះ៕