អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចូលរួមឧបត្ថម្ភថវិកាចំនួន ២០លានរៀល ដល់សាលាមធ្យមវិចិត្រសិល្ប: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
ការឧបត្ថម្ភថវិកាខាងលើនេះ ក្នុងឱកាសដែលលោកស្រីអ្នកឧកញ៉ា អញ្ជើញជាអធិបតីភាពក្នុងពិធីសង្ក្រាន្ត នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានរយៈពេលពីរថ្ងៃ នៅថ្ងៃទី១-២ ខែមេសា ឆ្នាំ២០២៤ នៅសាលាមធ្យមវិចិត្រសិល្ប: ដោយមានការចូលរួមជាអធិបតីពីលោក ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្ប: និងសម្តេចព្រះរាជបុត្រីព្រះ អនុជនរោត្តម អរុណរស្មី ព្រមទាំងមានការចូលរួមពីសំណាក់សិល្បករ តារាចំរៀងជាច្រើននាក់។
លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្ប: បានឱ្យដឹងថា គោលបំណងការរៀបចំសង្ក្រាន្តនៅសាលាមធ្យមវិចិត្រសិល្ប: គឺចង់បង្ហាញពីការសាមគ្គីភាពគ្នា រវាងសាលាមធ្យមវិចិត្រសិល្បៈ ជាមួយបងប្អូនសិល្បករក្រៅប្រព័ន្ធ សហការគ្នាធ្វើសង្ក្រាន្តនេះឡើង ដោយមានការចូល រួមពីសំណាក់សិល្បករ សិល្បការិនី តារាកំប្លែងជាច្រើនរូប។ លោកបន្តថា ការថែរក្សាសម្បត្តិវប្បធម៌សិល្បៈមិនមែនជាតួនាទីតែម្នាក់ របស់ក្រសួងវប្បធម៌នោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប ត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ៅ ចំណាន ជាបេក្ខភាពមួយរូបដែលឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិថ្មីនេះ។ លោកស្រីអ្នកឧកញ៉ា បានប្តេជ្ញាចិត្តថា បើលោកស្រីជាប់ឆ្នោតធ្វើជាប្រធានសមាគមសិល្បករខ្មែរ លោកស្រីអ្នកឧកញ៉ានឹងចូលរួមគ្រប់វិស័យទាំងអស់ តាមដែលអាចធ្វើទៅរួច ក្នុងន័យជំរុញវិស័យមួយនេះឱ្យបានប្រសើរឡើងបន្ថែមទៀត និងអាចជ្រៀតចូលក្នុងឆាកអន្ដរជាតិ៕