បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីពេលថ្មីៗ នាថ្ងៃទី៣ ខែមេសា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីថ្មោងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុនបន្តទៀត ដោយបានបង្ហើបប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ថាឥណ្ឌូណេស៊ី និងជប៉ុនចង់ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាងមុនថែមទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន West Observer បានបង្ហាញថា ក្នុងជំនួបនោះ លោក ស៊ូប៊ីយ៉ាន់តូ បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសជប៉ុន ជាពិសេសលើវិស័យសន្តិសុខដែនសមុទ្រ និងការប្រឆាំងភេរវកម្ម។ មេដឹកនាំទាំងពីរក៏បានពិភាក្សាស្តីពីសក្តានុពល សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងលទ្ធភាពនៃសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរបុគ្គលិកគ្នាទៅវិញទៅមកផងដែរ។
ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចលោក ស៊ូប៊ីយ៉ាន់តូ ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី រួមទាំងការសាងសង់ផ្លូវថ្នល់ កំពង់ផែ និងផ្លូវដែកជាដើម។
ជាការឆ្លើយតបលោក គីស៊ីដា ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់លោក ស៊ូប៊ីយ៉ាន់តូ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសម្តែងនូវឆន្ទៈរបស់ប្រទេសជប៉ុន ចំពោះការគាំទ្រប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
គួរជម្រាបថា លោក ស៊ូប៊ីយ៉ាន់តូ ដែលបច្ចុបន្នជារដ្ឋមន្ត្រីការពារជាតិ និងក៏ធ្លាប់ជាអតីតមេបញ្ជាការកងកម្លាំងពិសេសផងដែរនោះ នៅមិនទាន់កាន់តំណែងជាផ្លូវការនៅឡើយទេ ពោលលោកត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីជាផ្លូវការ បន្តពីរដ្ឋបាលដឹកនាំដោយលោក ចូកូ វីដូដូ នាខែតុលាខាងមុខជាមុនសិន៕