កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងលោក គឹម ពីនន់ អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខ ព្រមទាំងមានការអញ្ជើញចូលរួមពីឧកញ៉ាតំណាងសភាពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពី លោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រីឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា, លោកស្រី ចន ច័ន្ទលក្ខិណា ភរិយាឧកញ៉ា ហេង ឡុង ជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងសមាសភាពអញ្ជើញពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
បើតាម លោកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់លើទំព័រហ្វេសប៊ុកឱ្យដឹងថា ការពិភាក្សានៃកិច្ចប្រជុំខាងលើផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ រួមមាន៖ ១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត, ២-ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។ ៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។
សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិ។
លោកស្រី ចន ច័ន្ទលក្ខិណា បានឱ្យដឹងបន្ថែមទៀតថា មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរ ក៍បានដើរតួរនាទីដ៏សំខាន់មួយ ជាសេនាធិកាឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានា ដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៍ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។
ទោះយ៉ាងណា នាពេលថ្មីៗនេះ លោកស្រី ចន ច័ន្ទលក្ខិណា បានប្រកាសនឹងមិនឈរឈ្មោះជាបេក្ខភាពសម្រាប់បោះឆ្នោតជ្រើសរើសជាប្រធានសមាគមនៅអាណត្តិបន្ទាប់ និងបានធ្វើលិខិតទៅកាន់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលជាស្ថាប័នអាណាព្យាបាលនូវវិស័យសិល្បៈគ្រប់ទម្រង់ ដើម្បីជួយចាត់តាំងនូវមន្ត្រីជំនាញសម្រាប់ជួយសម្របសម្រួលនូវយន្តការៀបចំការបោះឆ្នោតនៅពេលខាងមុខឆាប់ៗ និងដើម្បីឱ្យមានតម្លាភាព អព្យាក្រឹត្យភាព និង យុត្តិធម៌សម្រាប់បេក្ខភាពនានា ដែលមានបំណងចង់ចូលរួមឈរឈ្មោះបោះឆ្នោត ជាប្រធានសមាគមនៅអណត្តិក្រោយនេះ។
សូមជម្រាបថា មកទល់បច្ចុប្បន្នមានបេក្ខភាពមួយចំនួនមានបំណងឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ ក្នុងនោះក៏មាន លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕