រុស្ស៊ីចោទថា កូរ៉េខាងត្បូងដាក់ទណ្ឌកម្មមកលើខ្លួនដូចជាមិនសម

អន្តរជាតិ

សារព័ត៌មាន​ CNA បានចុះផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា រុស្ស៊ីចាត់ទុកការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ចំពោះការដាក់ទណ្ឌកម្មទៅលើបុគ្គល និងអង្គភាពរុស្ស៊ី ថាជាសកម្មភាពមិនសមគួរ ហើយជាការដាក់ទណ្ឌកម្មក្នុងពេលវេលាមិនសមស្រប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣ ខែមេសា លោកស្រី ហ្សាខារ៉ូវ៉ា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទប្រចាំសប្តាហ៍ថា នេះគឺជាទង្វើមិនគួរសមរបស់ទីក្រុងសេអ៊ូល ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់។ មួយវិញទៀត ការដាក់ទណ្ឌកម្មខុសច្បាប់ វានឹងអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងត្បូងបាន។

លោកស្រីក៏បានបន្ថែមទៀតថា រុស្ស៊ីកំពុងអភិវឌ្ឍទំនាក់ទំនងជាមិត្តជាមួយកូរ៉េខាងជើង តែក្នុងនោះក៏ស្របទៅតាមបទដ្ឋាននៃច្បាប់អន្តរជាតិផងដែរ ដោយមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់កូរ៉េខាងត្បូងនោះឡើយ។

គួរជម្រាបថា កូរ៉េខាងត្បូងបានដាក់ទណ្ឌកម្មលើកប៉ាល់រុស្ស៊ីចំនួនពីរគ្រឿង ដោយចោទថាកប៉ាល់ទាំងនោះបានដឹកទំនិញយោធាទៅកាន់កូរ៉េខាងជើង។ លើសពីនោះកាលពីថ្ងៃអង្គារ ទីក្រុងសេអ៊ូលបាននិយាយយ៉ាងដូច្នេះថា ខ្លួនក៏បានដាក់ទណ្ឌកម្មលើអង្គការរុស្ស៊ីចំនួនពីរស្ថាប័ន និងពលរដ្ឋរុស្ស៊ីចំនួនពីររូបពាក់ព័ន្ធទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង៕