ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិន Country Garden បានប្រកាសផ្អាកការជួញដូរភាគហ៊ុនរបស់ខ្លួន នៅក្នុងទីក្រុងហុងកុង ចំពេលមានបញ្ហាហិរញ្ញវត្ថុដែលបណ្តាលមកពីវិស័យលំនៅឋាននៅក្នុងប្រទេសកំពុងបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VOA។
ជុំវិញការប្រកាសនេះ ត្រូវបានធ្វើនៅឡើងនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនដែលធ្លាប់តែចាត់ទុកថាជាអ្នកអភិវឌ្ឍធំជាងគេបំផុតរបស់ប្រទេសចិនមួយនេះ បានពន្យារពេលក្នុងការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ របស់ខ្លួន។
នៅក្នុងឯកសារមួយដែលបានដាក់ជូនទៅកាន់ទីផ្សារហ៊ុនហុងកុងកាលពីថ្ងៃអង្គារ ក្រុមហ៊ុន Country Garden បាននិយាយថា ការជួញដូរភាគហ៊ុនរបស់ខ្លួននៅលើផ្សារហ៊ុននឹងត្រូវផ្អាកសិន ដើម្បីទុកពេលក្នុងការប្រមូលព័ត៌មានឲ្យបានគ្រប់ មុនពេលប្រកាសចេញពីលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ។
គួរឲ្យដឹងថា វិបត្តិលំនៅឋានរបស់ប្រទេសចិន បានបន្តធ្លា់ចុះពោលគឺចាប់តាំងពីឆ្នាំ២០២១ មក បន្ទាប់ពីការបង្រ្កាបបទប្បញ្ញត្តិទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល ទៅលើក្រុមអ្នកអភិវឌ្ឍដែលជំពាក់បំណុលច្រើន។
ជម្រាបជូនទៀតផងដែរថា Country Garden គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតដែលត្រូវបានរងផលប៉ះពាល់ដោយវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន ខណ:ពេលដែលក្រុមហ៊ុន Modern Land, Central China Management និង Ronshine China ក៏បានប្រកាសផ្អាកលក់ភាគហ៊ុនរបស់ពួកគេ នាពេលថ្មីៗនេះផងដែរ៕