សារព័ត៌មាន Reuters បានចុះផ្សាយថា នៅត្រីមាសទីមួយឆ្នាំ២០២៤ ក្រុមហ៊ុន Airbus បានលក់យន្តហោះរបស់ខ្លួន បានរហូតដល់ទៅចំនួន ១៤២គ្រឿងកើនឡើង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុន Airbus ក៏មិនបានបញ្ជាក់ឲ្យច្បាស់ពីគោលដៅរបស់ខ្លួន ចំពោះការលក់ប្រចាំត្រីមាសនោះទេ ប៉ុន្តែបាននិយាយដូច្នេះថា ខ្លួនកំពុងដាក់គោលដៅធ្វើយ៉ាងណា លក់យន្តហោះឲ្យបានរហូតដល់ទៅ ៨០០គ្រឿងនៅឆ្នាំ២០២៤ នេះ។
ម្យ៉ាងវិញទៀត យន្តហោះធុនធំមួយចំនួនក៏កំពុងតែត្រូវបានពន្យារពេលក្នុងការដាក់លក់ ដោយហេតុតែមានភាពកង្វះខាតកៅអីអ្នកដំណើរ ខណៈដែល Airbus ក៏បានជូនដំណឹងទៅដល់ក្រុមហ៊ុនអាកាសចរណ៍ដែលជាអតិថិជនរបស់ខ្លួន អំពីសំណើពន្យារពេលលក់យន្តហោះប្រភេទ A321 ផងដែរ។
គួរបញ្ជាក់ថា បើទោះបីជាមានភាពរាំងស្ទះសង្វាក់ផលិតកម្មយ៉ាងដូច្នេះក៏ដោយ ក្រុមហ៊ុន Airbus ក៏នៅតែកំពូលអ្នកលក់ដ៏លេចធ្លោដដែល ដ្បិតអីនិយ័តករបានធ្វើការផ្អាកការផលិត និងកំពុងស្រាវជ្រាវទៅលើក្រុមហ៊ុន Boeing បន្ទាប់មានករណីរបូតទ្វារអំឡុងពេលហោះហើរ៕