ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដំឡើងកម្រិតដល់ប្រធានមន្ទីរនៅតាមបណ្ដារាជធានី-ខេត្ត ដែលនឹងត្រូវតែងតាំងដោយអនុក្រឹត្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីជូនជាការលើកទឹកចិត្ត មុខតំណែងជា ប្រធានមន្ទីរជំនាញរាជធានីខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី នឹងត្រូវតែងតាំងដោយ “អនុក្រឹត្យ” វិញ។ ដោយប្រធានមន្ទីរកម្រិតប្រធាននាយកដ្ឋានស័ក្តិ៣ នឹងរៀបចំជំរុញឱ្យប្រធានមន្ទីរឡើងស័ក្ត៤ កម្រិតនាយកដ្ឋានតែម្តង។
សម្តេចធិបតីបន្តថា មូលហេតុដែលធ្វើបែបនេះ ទី១,គឺជាការលើកទឹកចិត្តបន្ថែមទៅលើមន្ត្រីដែលនឹងត្រូវទទួលកិច្ចការកាន់តែច្រើន ព្រោះប្រធានមន្ទីរគឺជាសេនាធិការជំនាញ ជូនអភិបាល គណៈអភិបាលខេត្ត, ទី២, ជាការចូលរួមលើកកម្ពស់សិទ្ធិ អំណាច និងការទទួលខុសត្រូវ, ទី៣នៅក្នុងពេលដែលយើងមានវិមជ្ឍ្កការ ការទទួលខុសត្រូវច្រើនទៅឱ្យរាជធានីខេត្ត គឺកាន់តែមានភាពចាំបាច់។
សូមជម្រាបជូនថា កន្លងមក មុខតំណែងខាងលើ ត្រូវតែងតាំងដោយ “ប្រកាស” របស់រដ្ឋមន្ត្រីក្រសួងសាមីតែប៉ុណ្ណោះ៕