ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air របស់មហាសេដ្ឋីវៀតណាម លោកស្រី Nguyen Thi Phuong Thao បានកត់ត្រាពីចំណូលកើនឡើងរហូតដល់ ៤៥% រហូតដល់ ២,៣៣ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ ខណៈប្រាក់ចំណេញវិញគឺប្រហែល ២៤,៣លានដុល្លារ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ VNExpress។
ជាមួយគ្នា ប្រាក់ចំណូលបន្ថែមពីការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ក៏បានឈានដល់ជិត ៨៤១លានដុល្លារផងដែរ ដែលបានកើនឡើងច្រើនជាង ៦០% បើធៀវនឹងឆ្នាំ២០២២ ផងដែរ។
គួររំលឹកបន្តិចថា លទ្ធផលដ៏គាប់ប្រសើរបែបនេះ គឺគួរអរគុណដល់ការរៀបចំយុទ្ធសាស្ត្រថ្មីរបស់ក្រុមហ៊ុន ដែលពង្រឹង និងអភិវឌ្ឍន៍លើបណ្ដាញហោះហើរនៅក្នុងស្រុក ស្របពេលស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រីកជើងហោះហើរអន្តរជាតិថែមទៀត។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Vietjet បច្ចុប្បន្នមានប្រតិបត្តិការហោះហើរភាគច្រើន ពីប្រទេសវៀតណាម ទៅកាន់ប្រទេសឥណ្ឌា និងអូស្ត្រាលី ដែលធ្វើឲ្យពាណិជ្ជកម្ម និងវិស័យទេសចរណ៍រវាងវៀតណាម និងប្រទេសទាំង២ នេះកំពុងមានសក្ដានុពលយ៉ាងល្អប្រសើរ៕