គិតត្រឹមដើមខែមេសានេះ មហាសេដ្ឋីអាមេរិក Mark Zuckerberg មានទ្រព្យសម្បត្តិរហូតដល់ ១៧៧ពាន់លានដុល្លារ ដែលមានការកើនឡើងដល់ទៅ ១១២,៦ពាន់លានដុល្លារ ក្នុងរយៈពេល ១២ខែចុងក្រោយ។ នេះបើតាមទិន្នន័យបង្ហាញដោយគេហទំព័រ Forbes។
ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកបែបនេះ បានជួយឲ្យស្ថាបនិកក្រុមហ៊ុន Facebook រូបនេះ រំកិលតំណែងក្លាយជាកំពូលអ្នកមានបំផុតលើលោកទី៤ បន្ទាប់ពីមហាសេដ្ឋីបារាំង Bernard Arnault មេធំ Tesla លោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos។
គួររំលឹកបន្តិចថា នាដើមឆ្នាំ២០២៤នេះ មហាសេដ្ឋីអាមេរិក Mark Zuckerberg ក៏បានចាយលុយប្រហែល ៣០០លានដុល្លារ ទិញនាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរុស្ស៊ី ដែលបានជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចផងដែរ។
សូមជម្រាបបន្ថែមថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Meta ដែលពីមុនធ្លាប់ស្គាល់ថាជា Facebook កំពុងមានសន្ទុះល្អខ្លាំង ពោលតម្លៃហ៊ុនរបស់ក្រុមហ៊ុនមួយនេះ កំពុងស្ថិតនៅចំណុចខ្ពស់បំផុតប្រមាណ ៥១០,៩ដុល្លារ ក្នុងមួយហ៊ុន៕