ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ១៦ម៉ឺនតោន គិតជាទឹកប្រាក់បានចំនួន ជាង១២០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករដែលបាននាំចេញនេះ គឺកម្ពុជានាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៦ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះ ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ,ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៥ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៦ និងទៅកាន់គោលដៅ២២ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា ជាដើម។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៨១.២៩ % ប្រភេទអង្ករស ធម្មតា ១៤.៦៨% អង្ករចំហ៊ុយ ២.១៨ % អង្ករសរីរាង្គចំនួន ១.៧១% និងអង្ករផ្សេងៗចំនួន ០.១៤%។
ជាមួយគ្នានេះ កម្ពុជា ក៏នាំចេញស្រូវចំនួនជាង ២លានតោន ដែលមានទឹកប្រាក់ប៉ាន់ប្រមាណជាង ៦០០ លានដុល្លារអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕