ក្នុងរយៈពេលត្រីមាសទី១ ឬ៣ខែ ឆ្នាំ២០២៤កន្លងមកនេះ កម្ពុជាបានធ្វើការនាំចេញកសិផលទៅកាន់ទីផ្សារបរទេសមានជាង ៤លាន៥៩ម៉ឺនតោន បើគិតជាងទំហំសាច់ប្រាក់សរុប កម្ពុជាទទួលបានជាង១ ៧០០លានដុល្លារ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថានៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការនាំចេញចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបមានជាង ៤លាន៥៩ម៉ឺនតោន។
ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ បើតាមរបាយការណ៍ខាងលើបានប៉ាន់ប្រមាណថា ទំហំទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផលមានជាង១៧៩៧លានដុល្លារ ក្នុងនោះតម្លៃបានមកពីការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង១ ៣២៩ លានដុល្លារ តម្លៃពីការនាំចេញអង្ករ មានជាង១៤១លានដុល្លារ និងតម្លៃពីការនាំចេញស្រូវមានចំនួន៣២៦ លានដុល្លារ។
ការនាំចេញកសិផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ មានការកើនឡើងចំនួនជាង២លានតោន ស្មើនឹង៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ហើយកសិផលដែលបានចូលរួមចំណែកជំរុញដល់កំណើននាំចេញខ្ពស់ រួមមាន ដំឡូងមីស្រស់ ម្សៅដំឡូងមី គ្រាប់ពោត ផ្លែមៀនស្រស់ ផ្លែស្វាយស្រស់ និងម្រេច ដោយសារ៖(១) ការនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃមានការកើនឡើងខ្ពស់, (២) ការនាំចេញម្សៅដំឡូងមីទៅកាន់ប្រទេសចិន ក៏មានការកើនឡើងបន្ទាប់ពីមានកិច្ចសន្យាទិញលក់ដោយផ្ទាល់ជាមួយក្រុមហ៊ុន ចិនដើម្បីផ្គត់ផ្គង់ទីផ្សារប្រទេសចិន, (៣) រោងចក្រកែច្នៃវេចខ្ចប់ផ្លែមៀនកាន់តែមានបច្ចេកវិទ្យា និងសមត្ថភាពខ្ពស់ ដើម្បីវេចខ្ចប់ផ្លែមៀនធ្វើការនាំចេញទៅកាន់ប្រទេសចិន, (៤) តម្រូវការនាំចូលគ្រាប់ពោតរបស់ប្រទេសថៃ និងវៀតណាមមានការកើនឡើង, (៥) ការបញ្ជាទិញផ្លែស្វាយស្រស់ដោយប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ មានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់និង(៦) តម្រូវការនាំចូលម្រេចរបស់ប្រទេសវៀតណាមក៏មានការកំណើនខ្ពស់ផងដែរ៕ តាកែវ