ឈរលើគោលការណ៍ជួយត្រលប់ទៅសង្គម ដែលជាគុណតម្លៃស្នូល មិនអាចខ្វះបាន ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា លាង ម៉េង និងសហការី បានឧបត្ថម្ភបង់អង្គុយចំនួន ១៥០បង់ និងភេសជ្ជៈ សរុបចំនួន ៧៥០ កេស ដល់ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមាន ទីតាំងស្ថិត នៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍រួមក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា គោលតម្លៃចម្បងមួយរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺការបរិច្ចាគទៅសង្គមវិញតាមរយៈរូបភាពជាច្រើនដូចជា៖ ការរៀបចំកម្មវិធីសប្បុរសធ៌ម និងមនុស្សធម៌, ការឧបត្ថម្ភជាទឹកប្រាក់ ឬផលិតផល ខ្មែរ ប៊ែវើរីជីស ជូនស្ថាប័នផ្សេងៗ ប្រយោជន៍ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយការបំពេញកាត្វកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។
អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា៖ ខ្ញុំមើលឃើញយ៉ាងច្បាស់ពីការប្រឹងប្រែង លះបង់ និងទុក្ខលំបាក របស់ថ្នាក់ដឹកនាំ បណ្ឌិត្យ សភានគរបាលកម្ពុជា ជាច្រើនអាណត្តិមកនេះ។ ជាពិសេសប្អូនៗនិស្សិត សិក្ខាកាម ដែលកំពុងក្រេបយកចំណេះ ជំនាញ ពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យជំនាញៗ នៅនៅទីនេះ គឺពិតជាការលះបង់ ដើម្បីឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិយើងយ៉ាងពិតប្រាកដ។ បន្ថែមពីនោះ ខ្លួនខ្ញុំផ្ទាល់ ក្នុងនាមសហគ្រិនខ្មែរ ដែលតែងតែប្ដេជ្ញាកសាងម៉ាកយីហោផលិតផលភេសជ្ជៈខ្មែរ “Made in CAMBODIA” របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឱ្យលេចមុខមាត់ដូចបណ្ដាប្រទេសផ្សេងៗ លើឆាកអន្តរជាតិ ពិតជាចង់ចូលរួមលើកកម្ពស់សោភណ្ឌភាពនៅ បណ្ឌិត្យសភានគរបាលកម្ពុជា យើងនេះឱ្យកាន់តែស្រស់ស្អាតដើម្បីបម្រើប្រយោជន៍សាធារណៈនៅទីនេះផ្ទាល់តែម្ដង។
សូមជម្រាបថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ បាននឹងកំពុងឧបត្ថម្ភបង់អង្គុយដោយឥតគិតថ្លៃសរុប ចំនួន ១០,០០០បង់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ២លានដុល្លារ ជូនស្ថាប័នរដ្ឋនានា ដើម្បីជាប្រយោជន៍រួម ដូចជា៖ សាលារៀន មន្ទីរពេទ្យ ស្ថាប័ន និង ទីតាំង សាធារណៈផ្សេងៗទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ សោភណភាពនៅទីប្រជុំជន និងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកកន្លែងអង្គុយជូនដល់ប្រជាពលរដ្ឋ។
ទន្ទឹមគ្នានោះដែរ ថ្នាក់នាំកំពូលរបស់ ខ្មែរ ប៊ែវើរីជីស មុនពេលមានពិធីបុណ្យជាតិ ធំៗ ឬមុនពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏តែងតែនាំយកភេសជ្ជៈដូចជា៖ ភេសជ្ជៈប៉ូវកម្លាំង វើក, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល និងទឹកពិសាកម្ពុជា ជាច្រើនពាន់កេស ជូនដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននានា ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីជាការតបស្នង ចំពោះការលះបង់ពេលវេលា ការជួបជុំក្រុមគ្រួសារផ្ទាល់ខ្លួន មកបំពេញកាតព្វកិច្ច សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕