ក្រុមហ៊ុនអចលនទ្រព្យចិន Shimao រងការប្តឹងឲ្យរំលាយចោល ក្រោយខកខានសងបំណុលជាង ២០០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិន Shimao Group នៅថ្ងៃចន្ទ ទី៨ ខែមេសានេះ ត្រូវបានធនាគារ China Construction Bank (Asia) ដាក់ញត្តិដើម្បីឲ្យមានការរំលាយចោល បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានខកខានក្នុងការសងបំណុលចំនួន ១ ៥៧៩លានដុល្លារហុងកុង ឬស្មើនឹងប្រមាណ ២០១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Shimao បាននិយាយនៅក្នុងឯកសារមួយដែលផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុងថា ខ្លួននឹងធ្វើការប្រឆាំងដាច់ខាតទៅនឹងការដាក់ពាក្យបណ្តឹងនេះ ហើយបន្តជាមួយនឹងផែនការដែលបានស្នើឡើងរបស់ខ្លួន ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅក្រៅប្រទេស ដែលមានប្រហែល ១១,៧ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះញត្តិនៃស្នើឲ្យមានការរំលាយចោលនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយម្ចាស់បំណុល ទៅលើក្រុមហ៊ុនអចលនទ្រព្យកំពូលៗផ្សេងទៀត ដូចជា China Evergrande Group និង Country Garden ផងដែរ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីឆ្នាំ២០២១ មក បន្ទាប់ពីមានការបង្ក្រាបទ្រង់ទ្រាយធំ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យដែលមានបំណុលច្រើន​លើសលប់​ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានស្ថិតក្នុងចំណោមក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យចិនផ្សេងទៀត ដែលបានខកខានក្នុងការទូទាត់បំណុលក្រៅប្រទេស ដែលមានចំនួនរហូតដល់ទៅ ១១,៧ពាន់លានដុល្លារ៕