យោងតាមការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៃ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញឲ្យដឹងថា មនុស្សកាន់តែច្រើនត្រូវបានរំពឹងថានឹងធ្វើដំណើរក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ ប៉ុន្តែពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចាយវាយ ដោយសារតែការកើនឡើងនៃតម្លៃក្នុងការរស់នៅ និងជំពាក់បំណុលគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានចុះផ្សាយថា មជ្ឈមណ្ឌល UTCC បានធ្វើការវាយតម្លៃមតិរបស់មនុស្សចំនួន ១ ២៨០ នាក់ ដែលប្រកបមុខរបរផ្សេងៗគ្នា នៅចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា។
តាមរយ:ការស្ទង់មតិនោះ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរទាំងអស់បាននិយាយថាពួកគេនឹងធ្វើដំណើរ ប៉ុន្តែភាគច្រើននៅក្នុងខេត្តរៀងៗខ្លួន ស្របពេល ២៦% បាននិយាយថាពួកគេនឹងស្នាក់នៅផ្ទះ និង ១០,៦% បាននិយាយថាពួកគេនឹងធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀត។
បើតាម UTCC បានរាយការណ៍ទៀតថា ការចំណាយចំពោះការធ្វើដំណើរក្នុងស្រុកជាមធ្យម ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦ ៤៣២៥បាត ឬស្មើជិត ១៧៥ដុល្លារ ក្នុងមួយនាក់ ខណៈដែលការចំណាយធ្វើដំណើររបស់ជនបរទេសជាមធ្យមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤០ ១២៩បាត ក្នុងមួយនាក់។
ទន្ទឹមនឹងនេះ លោក Thanawat Pholvichai ទីប្រឹក្សារបស់ UTCC បាននិយាយថា ការចំណាយសរុបរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យសង្រ្កាន្ត ក្នុងខែនេះ ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤០ពាន់លានបាត ទៅ ២០០ពាន់លានបាត។
លោក Thanawat បានបន្តថា សង្ក្រាន្តឆ្នាំនេះទំនងជាមានភាពរស់រវើកជាងឆ្នាំមុន ហើយព្រឹត្តិការណ៍បុណ្យនានាត្រូវបានគេរំពឹងថានឹងបង្កើតការចំណាយកើនឡើង ដោយលោកបានបន្ថែមទៀតថាក្នុងខែមេសាតែមួយ ភ្ញៀវទេសចរបរទេសចំនួនប្រមាណ ៣,២ លាននាក់ត្រូវបានរំពឹងថានឹងមកលេងប្រទេសថៃ៕