តាមការបង្ហើបរបស់ លោក ពៅ សុខ ឱ្យដឹងថា ការទទួលបានពានរង្វាន់នេះ គឺជាកិត្តិយស ដ៏គួរឱ្យរំភើប ទោះបីពានរង្វាន់នេះស្ថិតក្នុងក្របខ័ណ្ឌវិទ្យាស្ថានមិនមែនស្ថិតក្នុងក្របខ័ណ្ឌថ្នាក់ជាតិក៏ដោយហើយការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដ៏ទូលំទូលាយមួយដល់អ្នកនិពន្ធ អ្នកស្រាវជ្រាវកម្ពុជាដទៃទៀត ឱ្យខិតខំកសាងស្នាដៃ សម្រាប់វិស័យតែងនិពន្ធ និងស្រាវជ្រាវនៅកម្ពុជា។ លោកជឿជាក់ថានៅបណ្តាឆ្នាំក្រោយៗទៀតនឹងមានអ្នកនិពន្ធខ្មែរដទៃទៀតទទួលបានពានរង្វាន់នេះដែរ។
លោក ពៅ សុខ ត្រូវបានគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិព្ធខ្មែរ និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកទទួលបានពានរង្វាន់ អ្នកនិពន្ធឆ្នើម ប្រចាំប្រទេសកម្ពុជា ពីវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដែលមានលោកឧកញ៉ា បណ្ឌិត ឡី សុភាព ជានាយកគ្រប់គ្រង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤។
លោក ពៅ សុខ បញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលលោកទទួលបាន នូវរង្វាន់លើកទឹកចិត្តបែបនេះ ចាប់តាំងពីលោកបម្រើអាជីពតែងនិពន្ធ ពីឆ្នាំ២០០៣រហូតមក។ លោកក៏បានបង្ហើបដែរថា ការប្រគល់ពានរង្វាន់នេះ គឺវិទ្យាស្ថានបានផ្តោតលើការស្រាវជ្រាវ និងចងក្រងសៀវភៅលក្ខណៈវិទ្យាសាស្រ្តរបស់លោក ដែលមិនមែនផ្តោតលើស្នាដៃ នៃការតែងនិពន្ធប្រលោមលោក ភាពយន្ត កំណាព្យ ឬចម្រៀងរបស់លោកឡើយ។ ការប្រគល់ពានរង្វាន់អ្នកនិពន្ធឆ្នើមជូនលោកនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ក្រោមការចូលរួមអបអរសាទរពីមនុស្សជាង១ពាន់នាក់ ដោយមានការដង្ហែរទង់ជាតិប្រទេសអាស៊ានទាំង១១ ចំនួន៣ជុំផងដែរ។
លោក ពៅ សុខ ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធ ដែលមិនទាន់ទទួលបាននូវពានរង្វាន់ ឬជ័យលាភី នៃការប្រកួតផ្សេងៗ កុំបាក់ទឹកចិត្ត និងគប្បីខិតខំស្រាវជ្រាវចងក្រង នូវស្នាដៃរបស់ខ្លួន ក្នុងកម្រិតមួយខ្ពស់ លក្ខណៈវិទ្យាសាស្រ្ត ដើម្បីដណ្តើមជ័យលាភី សម្រាប់ពានរង្វាន់គ្រប់ប្រភេទដទៃទៀត។ លោកក៏បានថ្លែងអំណរគុណ ដល់លោកឧកញ៉ា បណ្ឌិតឡី សុភាព នាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងជាប្រធានសមាគម សម្ព័ន្ធភាព អង្គការ សមាគម និងវិស័យឯកជន នៅកម្ពុជា ដែលប្រគល់ពានរង្វាន់ អ្នកនិពន្ធឆ្នើមដល់លោក ជាពិសេស លោកក៏ថ្លែងអំណរគុណ ដល់បណ្តាបងប្អូន មិត្តភក្តិ និងអ្នករួមការងារទាំងអស់ ដែលតែងតែលើកទឹកចិត្តឱ្យលោកខិតខំប្រឹងប្រែង កុំបោះបង់ការតស៊ូមួយនេះ។
គួររម្លឹកថាកម្រងសៀវភៅរបស់លោក ដែលគណៈកម្មការវាយតម្លៃ នៃវិទ្យាស្ថានអាជីវកម្មអន្តរជាតិ លើកយកទៅពិគ្រោះ និងវាយតម្លៃរួមមាន៖ ១. វីរបុរស០៧១, ២.សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើបញ្រ្ចាសទិស ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩, ៣.ទឹកចិត្តអ្នកជួយសង្រ្គោះ, ៤.សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា, ៥.អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី, ៦.សម្តេច ហ៊ុន សែន ៣យន្តការ ឈ្នះកូវីដ១៩, ៧.កូនប្រុសច្បងដ៏មានឥទ្ធិពល, ៨.កម្ពុជា សម័យតេជោ៕