អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងត្រូវបិទទ្វារ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោដាក់ឲ្យដំណើរការ

សង្គម​ និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬអាកាសយានដ្ឋានពោធិ៍ចិនតុង នឹងត្រូវផ្អាកដំណើរការហោះហើរ បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់រួចរាល់ និងដាក់ឲ្យដំណើរការ។នេះបើតាមការឱ្យដឹងពីលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅលើផ្លូវសហព័ន្ធរុស្សី ទៅដល់រង្វង់មូលចោមចៅ ដែលកាលពីមុនមានឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ក្រោយមកក្នុងឆ្នាំ២០០៣ ទើបប្តូរឈ្មោះមកជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ។
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានកិច្ចសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិជាច្រើន។

ដើម្បីជួយសម្រួលអាកាសយានដ្ឋានភ្នំពេញនេះ និងលើកផ្នែកអាកាសចរណ៍ឲ្យមានការរីកចម្រើនជាងមុន រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ប្រមាណ២០គីឡូម៉ែត្រពីភ្នំពេញ។អាកាសយានដ្ឋាននេះ គ្រោងសាងសង់ដោយចំណាយទឹកប្រាក់វិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារ។

គិតត្រឹមដើមខែមីនា ឆ្នាំ២០២៤អាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់សម្រេចបានប្រមាណ៦១% ភាគរយ។នៅក្នុងដំណាក់កាលទី១ គ្រោងនឹងបើកឱ្យដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងពន្លឿន និងជំរុញនៅដំណើរការសាងសង់ឱ្យឈានទៅសម្រេចតាមផែនការគ្រោងទុក។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F ដែលជាប្រភេទព្រលានយន្តហោះធំ អាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕