ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែមេសានេះ បានដឹកនាំប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដល់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាទីស្ដីការក្រសួងពាណិជ្ជកម្ម។
កាលពីពេលថ្មីៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសហការជាមួយក្រសួង ស្ថាប័នជាច្រើន បានសម្រេចប្រកាសបើកឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទិញលក់ស្រូវ តាមទូរស័ព្ទដៃ (Paddy App) ដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការដាក់លក់ស្រូវតាមប្រព័ន្ធឌីជីថល និងជាគន្លឹះមួយនៃការដោះស្រាយបញ្ហាតម្លៃ និងទីផ្សារស្រូវជូនដល់ប្រជាកសិករនៅកម្ពុជា។
គួរបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) គឺជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្ម ស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ មកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នក ផ្តល់សេវាពាក់ព័ន្ធ។ ស្ថាប័នមួយនេះត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោត ដោយសមាជិកស្ថាបនិក ២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអនុក្រឹត្យរបស់រាជរដ្ឋា ភិបាលលេខ២២៨ អនប្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៧២ អនប្រ.បក ចុះ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ដែលស្ថិត ក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងជាដៃគូរបស់រាជរដ្ឋាភិបាល ចូលរួមរាល់ សកម្មភាពរបស់សហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសអាស៊ាន ចូលរួមចរចារជាមួយរដ្ឋាភិបាលនៃបណ្តា ប្រទេសនាំចូល រៀបចំសន្និសីទតាំងពិព័រណ៌ស្រូវ-អង្គរថ្នាក់ជាតិ និងអន្តរជាតិជាប្រចាំឆ្នាំ ព្រមទាំងចូលរួម ក្នុងការងារផលិតពូជស្រូវសម្រាប់ចែកចាយជូនប្រជាកសិករ៕