ថ្លែងក្នុងពិធីសន្និបាតក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទៅ១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចបានដាក់ចេញ និងអនុម័តគម្រោងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ ដោយចំណាយថវិកាប្រមាណ ៣០០ លានដុល្លារ អនុវត្តរយៈពេល ៥ឆ្នាំ ឱ្យបានរួចដើម្បីបញ្ចៀសទឹកជំនន់នៅរាជធានីភ្នំពេញ។
សម្តេចធិបតី មានប្រសាសន៍ថា ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិចនៅតាមទីប្រជុំជនធំៗមួយចំនួននៅដើមអាណត្តិនេះ សម្តេចធិបតីបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍រៀបចំផែនការមួយចំនួន ក្នុងនោះនៅរាជធានីភ្នំពេញ សម្តេចធិបតីបានអនុញ្ញាត និងអនុម័តនូវគម្រោងមួយរយៈពេល៥ឆ្នាំនេះខិតខំធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ដែលមានតម្លៃជាង៣០០លានដុល្លារ។
សម្តេចធិបតីបន្តថា គម្រោងនេះផ្ដោតលើមុខព្រួញចំនួន២ ទី១, ការបញ្ជៀសទឹកចេញកុំឱ្យបុកចូលមកក្នុងភ្នំពេញ ទី២, ការដោះស្រាយប្រព័ន្ធរំដោះទឹក៖ ការកាយប្រឡាញ, ការស្ដារប្រព័ន្ធលូ ដាក់លូថ្មី, ការរៀបចំបន្ថែមស្ថានីយ៍បូមទឹក បង្កើនសមត្ថភាពស្ថានីយ៍បូមទឹក។
សម្តេចធិបតី បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងកិច្ចការងារនេះ គឺសំដៅធ្វើយ៉ាងណាកុំឱ្យមានទឹកច្រើនពេកនៅខែវស្សា រហូតឈានដល់ការលិចលង់ និងកុំឱ្យមានការខ្វះខាតទឹកនៅខែប្រាំង ហើយកិច្ចការងារនេះធ្វើឡើងដើម្បីធានាឱ្យបាននូវការគ្រប់គ្រងទឹកឱ្យបានល្អប្រសើរផងដែរ៕