កាដូឆ្នាំថ្មី! អ្នកឧកញ៉ា ភួ វាសនា ដាក់ឱ្យដំណើរការ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង បងប្អូនមកលេងសង្ក្រាន្តកុំភ្លេចដោនឡូតម្នាក់មួយ!

ជុំវិញ​ឧកញ៉ា

ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ​​​​បាន​ប្រកាស​ដាក់ឱ្យដំណើរការជាផ្លូវការ ​នូវ​កម្មវិធី​លើទូរស័ព្ទ​ដៃ (App) ​​សភាពាណិជ្ជកម្មខេត្តបាត់ដំបង មានឈ្មោះថា «BCC KH» ដែលនឹងមានសេវាកម្ម​ផ្សេងៗ​​​​គ្រប់ទីកន្លែង​ក្នុងខេត្តបាត់ដំបង​ ដ៏​សម្បូរបែប​ប្រមូលផ្តុំ​នៅ​លើ​ App ងាយស្រួលសម្រាប់​អ្នក​​​ប្រើប្រាស់ ឬ​ត្រូវការសេវាកម្ម។ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកម្សាន្តសប្បាយកម្មវិធី សង្ក្រាន្តខេត្តបាត់ដំបង កុំភ្លេចដោនឡូត App កម្មវិធី «BCC KH» ទុកលើទូរស័ព្ទដៃម្នាក់មួយផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ប្រធានសភាខេត្តបាត់ដំបង ​​បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក​ថា កាដូចូលឆ្នាំខ្មែរ​​ពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ តំឡើង​នៅ​ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង​​ ដែលបង្ហាញលោកអ្នកទៅដល់គ្រប់ទិសទី។ លោក​អ្នក​អាចស្វែងរក ផលិតផលក្នុង​ខេត្តបាត់ដំបងដ៏​ច្រើន​ ដូចជា៖ កន្លែងដើរលេងកម្សាន្ត​ ពេលព្រឹក​ ពេលថ្ងៃ និងពេល​​រាត្រី​, កន្លែងញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ ពិសេសៗ, កន្លែងស្នាក់នៅ​ស្អាត និងតម្លៃសមរម្យ, ផលិតផល​គ្រប់ប្រភេទ, សក្តានុពល និងឱកាសវិនិយោគ, គ្រប់ប្រភេទ​អាជីវកម្មទាំងអស់ក្នុងខេត្ត និង​សេវាកម្មផ្សេងៗដែលមានក្នុងខេត្តបាត់ដំបង។

អ្នកឧកញ៉ា ភួ វាសនា បាន​បន្ថែម​ថា ក្រុមការងារសភាពាណិជ្ជកម្មខេត្តបាត់ដំបង រង់ចាំបងប្អូនម្ចាស់អាជីវកម្ម​ទាំង​អស់នៅស្នាក់ការសភាពាណិជ្ជកម្ម ដើម្បីបញ្ជូលទិន្នន័យ ផលិតផល និងសេវាកម្មរបស់បងប្អូនទាំងអស់ដាក់ទៅក្នុង App សភាពាណិជ្ជកម្មខេត្តបាត់ដំបង។ លោកអ្នកគ្រាន់តែមាន ឈ្មោះយីហោ, រូបភាពផលិតផល ឬសេវាកម្ម ( ឈ្មោះ និងតម្លៃ), ទីតាំង​ផែនទី និងលេខទូរស័ព្ទ។ អ្នកឧកញ៉ា បញ្ជាក់ថា​​ក្រុមការងារ​នឹង​បញ្ចូលជូន​ ដោយ​មិនមានគិតប្រាក់អ្វីទាំងអស់៕