ឧកញ៉ា ខេមរៈ សិរីមន្ត ឧបត្ថម្ភបុរសម្ចាស់គំនូរក្នុងចង្អេរចំនួន ១លានរៀល យកទៅមើលជំងឺម្ដាយ

ជុំវិញ​ឧកញ៉ា

តារាល្បីជួរមុខក្នុងប្រទេសកម្ពុជា លោកឧកញ៉ា ខេមរៈ សិរីមន្ត បានជួយឧបត្ថម្ភបុរសម្នាក់ ដែលប្រកាសលក់រូបគំនូរនៅក្នុងចង្អេរ ចំនួន១លានរៀល សម្រាប់យកទៅមើលជំងឺម្ដាយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួយឧបត្ថម្ភរបស់ម្ចាស់បទចម្រៀង «ក្រមុំគ្រប់ខេត្ដមួយណាក៏ជារបស់គេ» នេះ បន្ទាប់ពីលោកឧកញ៉ា មានបំណងទិញរូបគំនូរ លោកតា ស៊ិន ស៊ីសាមុត ដែលគូរនៅក្នុងចង្អេរ ប៉ុន្ដែរូបគំនូរមួយនោះត្រូវបានគេទិញយកបាត់ ហើយបុរសដែលជាអ្នកលក់ ក៏យករូបគំនូរ ប្អូនស្រីពៅរបស់លោកឧកញ៉ា គឺ កញ្ញា ខេមរៈ ស្រីពៅ មកប្រគល់ជូនដោយមិនគិតថ្លៃ។ ទង្វើនេះ បានអង្រួនចិត្ដលោកឧកញ៉ា ឱ្យរំភើប កាន់តែអាណិតស្រឡាញ់ ទើបសម្រេចជួយឧបត្ថម្ភថវិកាចំនួន១លានរៀលទុកសម្រាប់ធ្វើសាហ៊ុយ និងសម្រាប់ព្យាបាលជំងឺម្ដាយ។

លើកឡើងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នៅល្ងាចថ្ងៃ១០ ខែមេសា ឆ្នាំ២០២៤ ឧកញ៉ា ខេមរៈ សិរីមន្ត បានឱ្យដឹងថា «ដំបូងខ្ញុំថាចង់ជួយទិញគំនូររបស់បងប្រុស ដើម្បីឲ្យបងមានថវិកាខ្លះព្យាបាលអ៊ុស្រី តែគំនូរនោះត្រូវបានគេទិញហើយ បងបានយកគំនូររូបប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំ (ខេមរៈ ស្រីពៅ) មកជូនខ្ញុំដោយមិនគិតថ្លៃ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ខ្ញុំសូមអរគុណច្រើនបង»។

ម្ចាស់បទ « call me papa» បានបន្តទៀតថា «ខ្ញុំបានជូនថវិកាគាត់ ១ 000 000 រៀល សម្រាប់ធ្វើសាហ៊ុយ និង សម្រាប់ព្យាបាលអ៊ុស្រីខ្លះ»។

គួរបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ក្រោយពីឃើញបុរសម្នាក់បានផុសលក់រូបគំនូរនៅក្នុងចង្អេរ ដើម្បីយកប្រាក់ទៅព្យាបាលជំងឺម្ដាយ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសទិញគំនូរនោះភ្លាមៗ ប៉ុន្ដែមានគេទិញមុនបាត់៕