គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះចំនួន៤ មានគោប្រមាណជាង២ពាន់ក្បាល អាចផលិតទឹកដោះគោស្រស់៥លានលីត្រក្នុងមួយឆ្នាំ។នេះបើតាមការលើកឡើងរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ«គិរីសួគ៌» ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅខេត្តតាកែវ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
លោក ឌិត ទីណា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានកសិដ្ឋានផលិតគោយកទឹកដោះធំៗចំនួន៤ គឺ កសិដ្ឋានគិរីសួគ៌ កសិដ្ឋាន មូមូ កសិដ្ឋានក្នុងឧទ្យានជាតិឫស្សីត្រឹប និងកសិដ្ឋាន អូម៉។
លោកបន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ កសិដ្ឋានទាំង៤របស់កម្ពុជា មានគោយកទឹកដោះចំនួន ១ ១៧៦ក្បាល ដែលអាចផលិតទឹកដោះគោស្រស់ជាង ១៣ពាន់លីត្រ ក្នុង១ថ្ងៃ ស្មើនឹង ៥លានលីត្រ ក្នុងមួយឆ្នាំ ឬប្រមាណ ១៧% នៃតម្រូវការទឹកដោះគោស្រស់ក្នុងស្រុកជាង ៣០លានលីត្រ”។ក្នុងនោះ កសិដ្ឋានគិរីសួគ៌ គឺជាកសិដ្ឋានខ្នាតធំថ្នាក់ជាតិដំបូងគេនៅកម្ពុជា ដែលមានសង្វាក់ផលិតកម្មទំនើប មានសមត្ថភាព ផលិតទឹកដោះគោសុទ្ធស្រស់ ប្រកបដោយគុណភាពខ្ពស់ និងសារធាតុចិញ្ចឹមច្រើន ដើម្បីជាជំនួយផ្នែកអាហារូបត្ថម្ភ ដល់អ្នកប្រើប្រាស់។
ស្របនឹងតម្រូវការទីផ្សារដ៏ធំនៅកម្ពុជាសម្រាប់ទឹកដោះគោស្រស់ និងផលិតកម្មទឹកដោះគោ កសិដ្ឋានគិរីសួគ៌ មាន ផែនការបង្កើនចំនួនគោយកទឹកដោះឱ្យដល់ ៣ពាន់ក្បាល នាពេលខាងមុខ ដើម្បីបង្កើនផលិតកម្មទឹកដោះគោស្រស់ និងផលិតផលទឹកដោះគោ ដោយវេចខ្ចប់ជាកញ្ចប់ក្រដាសតូចៗសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនផងដែរ៕