ក្រុមហ៊ុន Westports Holdings ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេបំផុតរបស់ម៉ាឡេស៊ី គ្រោងនឹងវិនិយោគទឹកប្រាក់ ៣៩,៦ពាន់លានរីងហ្គីត (៨,៤៣ពាន់លានដុល្លារ) ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដង ក្នុងរយៈពេលប៉ុន្មានទសវត្សខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
Port Klang ដែលជាកំពង់ផែធំជាងគេបំផុតទី១២ របស់ពិភពលោក និងទីពីរបន្ទាប់ពីប្រទេសសិង្ហបុរីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រំពឹងថានឹងបង្កើនសមត្ថភាពផ្ទុកកុងតឺន័រប្រចាំឆ្នាំរបស់ខ្លួនពីចំនួន ១៤ លាន ដល់ ២៧ លាន នៅពេលផែនការពង្រីកបញ្ចប់។
ទន្ទឹមនឹងនេះ យោងតាមលោក Ruben Emir Gnanalingam ប្រធានប្រតិបត្តិ និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Westports បានបង្ហាញឲ្យដឹងទៀតថា ផែនការពង្រីកនេះ អាចនឹងចំណាយពេលជាង ៤០ឆ្នាំ ហើយវាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ។
គួរឲ្យដឹងថា Westports គឺជាប្រតិបត្តិករកំពង់ផែដ៏លេចធ្លោមួយ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង ១១% ដល់ចំនួន ៧៧៩,៤លានរីងហ្គីត ក្នុងឆ្នាំ២០២៣ ។
ជម្រាបជូនផងដែរថា ផែនការពង្រីកនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាលសហព័ន្ធ កាលពីខែសីហាឆ្នាំមុន ដោយគម្រោងនៅក្នុងកំពង់ផែដែលស្ថិតនៅភាគនិរតីនៃទីក្រុងគូឡាឡាំពួនេះ នឹងរួមបញ្ចូលការទាំងការកែលំអរដីនៅតាមឆ្នេរសមុទ្រ ដើម្បីបង្កើនកន្លែងផ្ទុកកុងតឺន័រពីចំនួន ៩ ដល់ ១៧ ៕