មហាសេដ្ឋី Zhong Shanshan នៅតែក្ដោបក្ដាប់តំណែងជាមហាសេដ្ឋីមានបំផុតនៅចិន រយៈពេល ៤ឆ្នាំផ្ទួនៗ ពោលតាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ននេះ ខណៈទ្រព្យសម្បត្តិរបស់លោក គឺវ៉ាដាច់ឆ្ងាយមហាសេដ្ឋីរួមប្រទេសដទៃទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា គិតត្រឹមខែមេសា ឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុនផលិតទឹកបរិសុទ្ធ Nongfu Spring គឺមានរហូតដល់ ៦៥ពាន់លានដុល្លារឯណោះ។
ក្រៅពីក្រុមហ៊ុនផលិតភេសជ្ជៈ មហាសេដ្ឋីចិនម្នាក់នេះក៏ជាម្ចាស់ក្រុមហ៊ុនជីវសាស្ត្រ Wantai Biological ដែលជំនាញលើការផលិតឧបករណ៍ពិនិត្យមេរោគ ដូចជា កូវីដ ១៩ ជាដើម។
រំលឹកពីប្រវត្តិរបស់មហាសេដ្ឋីមានស្រុកកំណើតនៅទីក្រុង Hangzhou ប្រទេសចិនបន្តិច ដោយលោកបានបោះបង់ការសិក្សាត្រឹមថ្នាក់បឋមសិក្សា ដោយសារសម័យសង្គ្រាមនៅប្រទេសចិន ហើយក្រោយមកលោកចាប់ផ្ដើមការងារដំបូង ជាកម្មករសំណង់ ជាអ្នកសារព័ត៌មាន និងជាភ្នាក់ងារលក់ភេសជ្ជៈ មុនបោះជំហានចូលក្នុងវិស័យសហគ្រិនភាព បង្កើតអាជីវកម្មមានលុយរាប់ពាន់លានដុល្លារ ដូចសព្វថ្ងៃនេះ៕