តាមរយៈសារព័ត៌មាន VN Express បានបង្ហាញថា កំពូលមហាសេដ្ឋីមានដាច់គេប្រចាំហុងកុងចំនួនប្រាំរូប សុទ្ធសឹងតែត្រូវបានរបូតទ្រព្យសម្បត្តិអស់រហូតដល់ទៅជិត១១% បើប្រៀបធៀបទៅនឹងឆ្នាំមុន មកនៅត្រឹមចំនួន ១១៦ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះ។
ជាក់ស្តែងបុរសវ័យ ៩៥ឆ្នាំលោក Li Ka-shing ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន CK Hutchison Holdings បានធ្លាក់ចុះទ្រព្យសម្បត្តិអស់១,៨% បើប្រៀបទៅនឹងឆ្នាំមុនមកនៅត្រឹមចំនួន ៣៧,៣ពាន់លានដុល្លារ។ ម្យ៉ាងវិញទៀតលោក Li ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកំពូលវិនិយោគិន និងជាជនសប្បុរស ថែមទាំងជាប់ឈ្មោះនៅលេខរៀងទី៦៣ ក្នុងបញ្ជីអ្នកមានដាច់គេលើពិភពលោករបស់គេហទំព័រ Forbes ផងដែរ។
ទន្ទឹមនឹងនោះ មហាសេដ្ឋីវ័យប្រហែលគ្នាលោក Lee Shau Kee ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai ក៏មានការធ្លាក់ចុះទ្រព្យសម្បត្តិរបស់ខ្លួនរហូតដល់ទៅ៦,១% ដោយមកនៅត្រឹមតែចំនួន ២៧,៧ពាន់លានដុល្លារប៉ុណ្ណោះ។
ជាមួយគ្នាលោក Robin Zeng ដែលមានតួនាទីជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក Contemporary Amperex Technology (CATL) ក៏មានការធ្លាក់ចុះទ្រព្យសម្បត្តិរហូតដល់ទៅ៣១% មកនៅត្រឹមតែចំនួន ២២,៩ពាន់លានដុល្លារផងដែរ។
មួយវិញទៀតសោត អតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Wheelock & Co លោក Peter Woo គឺជាមហាសេដ្ឋីលំដាប់ទីបួននៅហុងកុង ខណៈរូបគាត់ក៏ត្រូវបានបាត់បង់ទ្រព្យសម្បត្តិអស់៤,៤% មកនៅសល់ត្រឹមចំនួន ១៥,១ពាន់លានដុល្លារ។
ចុងក្រោយគេបង្អស់គឺបុរសវ័យ ៧២ឆ្នាំលោក Joseph Lau គឺត្រូវបានគេស្គាល់ថាជាម្ចាស់ភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន ខណៈទើបតែបានប៉ុន្មានខែនៃឆ្នាំថ្មីនេះសោះ លោកក៏បានរបូតទ្រព្យសម្បត្តិអស់១,៥% មកនៅត្រឹម ១៣,១ពាន់លានដុល្លារ៕